ប្រធានក្រុមហង្សក្រហម Liverpool គឺខ្សែបម្រើ Jordan Henderson បាននិយាយបញ្ជាក់ថា វាក្លាយជារឿងចម្លែកបន្តិច ពេលដែលក្រុមខ្លួនមានឱកាសលើកពានក្របខ័ណ្ឌ Premier League ដោយអត់មានអ្នកគាំទ្រចូលរួមអបអរជាមួយគ្នា។
ក្រោមការដឹកនាំរបស់លោក Jurgen Klopp ក្រុមយក្សមួយនេះ ចាប់ផ្ដើមត្រឡប់មកលើផ្លូវទៅរកការឈ្នះពានរង្វាន់លីកកំពូលរបស់ប្រទេសអង់គ្លេស វិញ ជាលើកដំបូងគិតតាំងពីឆ្នាំ ១៩៩០ មក ដោយពេលនេះ កំពុងឈរនៅទីកំពូលតារាង ជាមួយនឹងការនាំមុខដាច់លើក្រុមលេខ ២ Manchester City ដល់ទៅ ២៥ ពិន្ទុ មុនរដូវកាលត្រូវផ្អាកបណ្ដាលមកពីការរាលដាលនៃវីរុសកូរ៉ូណា។
ជាមួយនឹងក្របខ័ណ្ឌ Premier League កំពុងគ្រោងចាប់ផ្ដើមវិញ ដោយប្រកួតបិទទ្វារនាខែក្រោយនោះ កីឡាករអន្តរជាតិអង់គ្លេស Henderson និងក្រុមរបស់គេអាចនឹងលើកពាននេះ ដោយមិនមានអ្នកគាំទ្រឈរទះដៃ អមជាមួយសំឡេងហ៊ោកញ្ជ្រៀវឡើយ។
កីឡាករដែលមានវ័យ ២៩ ឆ្នាំ Henderson និយាយថា វានឹងក្លាយជារឿងប្លែកបន្តិច បើករណីនោះ កើតឡើងមែន ហើយស្របពេលជាមួយគ្នា Henderson ក៏បានដាស់តឿនមិត្តរួមក្រុមថា នៅមានកិច្ចការជាច្រើនទៀត ត្រូវធ្វើពេលការប្រកួតចាប់ផ្ដើមដំណើរការវិញ។
ក្នុងកម្មវិធីវិទ្យុ BBC Radio 5 Live កីឡាករ Henderson ប្រាប់ថា៖ «មែនហើយ វានឹងមានអារម្មណ៍ខុសធម្មតា បើអ្នកឈ្នះពានរង្វាន់អ្វីមួយ ហើយកាន់វាក្នុងដៃ នៅកន្លែងដែលឥតមានអ្នកគាំទ្រ នៅទីនោះ វានឹងក្លាយជារឿងចម្លែកបន្តិច»។
ងាកចេញពីរឿងលើកពាន ដោយគ្មានអ្នកគាំទ្រ កីឡាករ Henderson ដែលក្លាយជាសមាជិករបស់ក្រុមហង្សក្រហមកាលពីឆ្នាំ ២០១១ បាននិយាយបន្តថា៖ «វាមិនទាន់ចប់នៅឡើយទេ។ យើងនៅមានកិច្ចការជាច្រើនទៀត ត្រូវធ្វើ ហើយត្រូវការលេងក្នុងទម្រង់កម្រិតខ្ពស់បំផុត រហូតដល់រដូវកាលត្រូវបានបញ្ចប់ ព្រោះយើងចង់បញ្ចប់ជាមួយនឹងទម្រង់លេងខ្លាំងបំផុតតាមដែលអាច»។
ក្លិបនៅ Premier League បានត្រឡប់មកហ្វឹកហាត់វិញហើយ ក្នុងពេលមានវិបត្តិជំងឺកូវីដ ១៩ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ជាង ៣៥១ ០០០ នាក់ ទូទាំងសកលលោក ហើយកីឡាករ Henderson បាននិយាយពាក់ព័ន្ធនឹងការចាប់ផ្ដើមមកកាន់ទីលានហាត់សមវិញថា មានអារម្មណ៍សុវត្ថិភាព និងបានត្រៀមខ្លួនជាស្រេច មុនការប្រកួតប្រជែងនាពេលខាងមុខនេះ។
ខ្សែបម្រើ Henderson បានប្រាប់ថា៖ «សម្រាប់យើង ក្នុងក្រុម Liverpool គឺមានអារម្មណ៍ល្អប្រសើរ។ វាជារឿងអស្ចារ្យណាស់ ដែលបានត្រឡប់មកហាត់វិញ ហើយគ្រប់គ្នាមានអារម្មណ៍សុខស្រួល និងសុវត្ថិភាព។ តែទោះជាយ៉ាងណា ពួកយើងនឹងមិនធ្វេសប្រហែសជាដាច់ខាត ពួកយើងតែងតែធ្វើតាមការណែនាំរបស់អ្នកជំនាញ និងក្រុមគ្រូពេទ្យ នូវអ្វីដែលពួកគេប្រាប់យើង ដើម្បីសុវត្ថិភាព»៕