Liverpool បង្វែររ៉ាដា មកលើ Willian ដោយតម្លៃផ្ទេរ ០ អឺរ៉ូ

0
796

ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍មកថា រួចរាល់ក្នុងការដាក់សំណើមកកាន់ Chelsea ជុំវិញការផ្ទេរកម្លាំងប្រយុទ្ធសំខាន់ កីឡាករ Willian មកលេងនៅកីឡដ្ឋាន Anfield ដោយមិនមានតម្លៃខ្លួន នៅទីផ្សារខាងមុខ។

កុងត្រារបស់កីឡាករជម្រើសជាតិប្រេស៊ីល នឹងផុតកំណត់ពីកីឡដ្ឋាន Stamford Bridge នៅដំណាច់ខែមិថុនាខាងមុខ ហើយសេចក្ដីរាយការណ៍បានឲ្យដឹងមកថា ក្លិបតោខៀវមិនបានយល់ព្រមបន្តកិច្ចសន្យា៣ឆ្នាំទៀតតាមការស្នើសុំរបស់កីឡាករនោះទេ។

បណ្ដាក្លិបមួយចំនួននៅអង់គ្លេសបានដាក់ការចាប់អារម្មណ៍មកលើកីឡាករដែលមកលេងនៅក្របខណ្ឌ Premier League កាលពីឆ្នាំ២០១៣ Willian ដូចជា Arsenal និង Tottenham Hotspur ខណៈក្លិបក្រៅស្រុករួមមាន Barcelona និង Juventus ជាដើម។

យ៉ាងណាមិញ បើតាម Sport បានឲ្យដឹងថាកីឡាករមានដើមកំណើតមកពីអាមេរិកខាងត្បូងមួយរូបនេះ បច្ចុប្បន្នកំពុងពិភាក្សាជាមួយ Liverpool ខណៈពេលដែលក្លិបជើងឯក Champions League រដូវកាលមុន ពេញចិត្តចង់បានកីឡាករវ័យ៣១ឆ្នាំ មករួមរស់ដើម្បីពង្រឹងក្រុមនៅរដូវកាល ២០២០-២១ ខាងមុខ។

គួរឲ្យដឹងដែរថា Willian ជាកម្លាំងស្នូលមួយរូបរបស់ Chelsea ក្នុងរដូវកាលនេះ ដោយគេអាចរកបានគ្រាប់បាល់៧គ្រាប់ បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច៦លើក គិតគ្រប់ព្រឹត្តិការណ៍ទាំងអស់៕