ប្រធាន​ក្លឹប Lyon ​ស្នើ​នាយក​រដ្ឋ​មន្ត្រី​បារាំង ​បើក​លីគ​ឡើង​វិញ​

0
934

​ប្រធាន​ក្លឹប Lyon ​លោក​ Jean-Michel Aulas ​បាន​ស្នើ​ដល់​ថ្នាក់​ដឹក​នាំ​ប្រទេស​បារាំង ​ដើម្បី​ពិចារណា​បើក​លីគ​បាល់ទាត់​ឡើង​វិញ ​ក្រោយ​ពី​មេរោគ Covid-19 ​បាន​ស្ងប់​ទៅ​ហើយ។

​នៅ​បារាំង ​បាន​ប្រកាស​រំសាយ​លីគ​លំដាប់​ទី​១​និង​ទី​២​ចោល​តែ​ម្ដង​នា​រដូវ​កាល​នេះ កាល​ពី​ថ្ងៃ​ទី​២៨​ខែ​មេសា​ឆ្នាំ​២០២០​កន្លង​ទៅ។ ​ការ​រំសាយ​ធ្វើ​ឡើង ​ក្រោម​ហេតុផល​ខ្លាច​មាន​ការ​ឆ្លង​មេរោគ Covid-19 ​ជា​ថ្មី​ម្ដង​ទៀត ​ប្រសិន​បើ​បើក​លីគ​ឡើង​វិញ ​ឬ​មេរោគ Covid-19 ​អូស​បន្លាយ​យូរ​។ ​តែ​បើ​យក​អាល្លឺម៉ង់​ជា​គំរូ​វិញ ​ពួកគេ​ពិត​ជា​ធ្វើ​បាន​ល្អ ​រហូត​ដល់​ការ​ប្រកួត Bundesliga ​ដំណើរ​ការ​បាន​២​សប្ដាហ៍​មក​ហើយ ​ដោយ​មិន​មាន​បញ្ហា​នោះ​ទេ។

​ស្រប​ពេល​លីគ​ដទៃ​ទៀត​ដូចជា​នៅ​អេស្ប៉ាញ ​អ៊ីតាលី ​និង​អង់គ្លេស​ជា​ដើម​នោះ ​ក៏​កំពុង​ហ្វឹកហាត់​ត្រៀម​បើក​ការ​ប្រកួត​ឡើង​វិញ​ដែរ។ ​មាន​តែ​បារាំង​មួយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​លីគ​កំពូល​ទាំង​៥​នៅ​អឺរ៉ុប​ដែល​បាន​រំសាយ​ចោល។ ដូច្នេះ​ហើយ ​ទើប​បាន​ជា​ប្រធាន​ក្លឹប Lyon ​ចង់​ឱ្យ​ថ្នាក់​ដឹក​នាំ​បារាំង ​គិត​ឡើង​វិញ​។ បើ​សិន​ជា​អាច​បើក​លីគ​បារាំង​ឡើង​វិញ ​នោះ​វា​ពិត​ជា​ល្អ​ណាស់​សម្រាប់​ក្លឹប​នានា៕