Manchester City បានយកឈ្នះ Arsenal ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតក្របខណ្ឌ Premier League ដែលជាជំនួបដំបូង ចាប់តាំងពីផ្អាកដោយសារជំងឺឆ្លង COVID-19។ Aston Villa និង Sheffield United បញ្ចប់ការប្រកួតដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា។
ក្នុងការប្រកួតសប្តាហ៍ទី២៩ នៅរាត្រីថ្ងៃទី១៧ ខែមិថុនា ក្នុងកីឡដ្ឋាន Etihad គឺគ្នានអ្នកចូលទស្សនានោះទេ ប៉ុន្តែមានផ្ទាំងបង្ហាញអ្នកគាំទ្រនៅលើអេក្រង់ក្បែបង្កោលទីទាំងសងខាង។ ស្របពេលការប្រកួតបានរយៈពេល៤៥នាទី ខ្សែបម្រើ Raheem Sterling ជាអ្នកបំប៉ោងសំណាញ់ទី Arsenal ដើម្បីជួយ Man City នាំមុខមួយគ្រាប់មុន មុនបញ្ចប់វគ្គទី១។
ចូលដល់វគ្គទី២ ខណៈការប្រកួតដំណើរបាន៤នាទី ខ្សែការពារ David Luiz បានបង្កើតកំហុសនៅតំបន់គ្រោះថ្នាក់ដោយរុញកីឡាករ Riyad Mahrez ធ្វើឲ្យអាជ្ញាកណ្តាលផ្តល់កាតក្រហម និងឲ្យបាល់១១ម៉ែត្រទៅកាន់ក្រុមម្ចាស់ផ្ទះ។ Kevin De Bruyne រ៉ាប់រងការស៊ុតបាល់ពិន័យនេះ និងសម្រេចទីដោយជោគជ័យនៅនាទី៥១។
នៅនាទី៩០ទៅហើយ ខ្សែបម្រើវ័យក្មេង Phil Foden បន្ថែមគ្រាប់ទី៣ ដើម្បីជួយក្រុមរបស់លោក Pep Guardiola យកឈ្នះក្រុមរបស់លោក Mikel Arteta ក្នុងលទ្ធផល ៣-០។
ជ័យជម្នះនេះនាំក្រុម Man City នៅរក្សាចំណាត់ថ្នាក់ទី២ក្នុងតារាងលីគកំពូលអង់គ្លេសដដែល ដោយរកបាន៦០ពិន្ទុ ពីការប្រកួត២៩លើក។ យ៉ាងណាក៏ដោយ៣ពិន្ទុបន្ថែមនេះ នៅតែពិបាកធ្វើឲ្យម្ចាស់ការពារជើងឯកឆ្នាំចាស់ ប្រជែងជាមួយ Liverpool ដែលនៅកំពូលតារាងហើយមានពិន្ទុនាំមុខដាច់ដល់ទៅ១៨ពិន្ទុនោះ។
កាំភ្លើងធំនៅឈរលេខរៀងទី៩ ដដែល ដោយរកបាន៤០ពិន្ទុ តែពួកគេនៅតែមានឱកាសដើម្បីដណ្តើមយកតំណែង Top 4 សម្រាប់កៅអី Champions League រដូវកាលក្រោយ។
ដោយឡែកចំនួបមួយគូទៀត រវាង Aston Villa និង Sheffield United ដោយក្រុមទាំងពីរបញ្ចប់ទៅដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា។ Aston នៅតែស្ថិតនៅតំបន់ត្រូវកាត់ចោល បើទោះបាន១ពិន្ទុពីការប្រកួតនេះ ខណៈ Sheffield United កើនឱកាសក្នុងការប្រជែងយក Top 4 ដោយបច្ចុប្បន្នពួកគេរកបាន៤៤ពិន្ទុ និងឈរនៅលេខរៀងទី៦ក្នុងតារាង Premier League៕