លោក Pep Guardiola អះអាងថាក្រុម Manchester City នឹងផ្តល់ការអបអរជាកិត្តិយសដោយការឈរទះដៃទៅកាន់សមាជិកក្រុម Liverpool ដែលបានក្លាយជាជើងឯក Premier League រដូវកាលនេះ នៅពេលក្រុមទាំងពីរជួបគ្នានៅសប្តាហ៍ក្រោយ។
ពានរង្វាន់ក្របខណ្ឌលីគកំពូលអង់គ្លេសរដូវកាល ២០១៩-២០ ត្រូវ Liverpool ដណ្តើមបានជាលើកដំបូងក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយ ទាំងនៅសល់ការប្រកួតចំនួន៧លើកទៀត។ លទ្ធផលម្ចាស់ជើងឯកនេះ ដឹងច្បាស់ បន្ទាប់ពី Man City បានប្រកួតចាញ់ Chelsea ២-១ ដែលធ្វើឲ្យហង្សក្រហមមានពិន្ទុនាំមុខដាច់ដល់ទៅ២៣ពិន្ទុ។
ក្នុងជំនួបដែលនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Etihad នៅយប់ថ្ងៃទី២ ខែកក្កដា លោក Guardiola ក្នុងនាមជាអ្នកចាត់ការក្រុមម្ចាស់ជើងឯកចាស់ បាននិយាយថា Liverpool សមនឹងទទួលបានការផ្តល់កិត្តិយសតាមរបៀបដែលក្រុមនៅអង់គ្លេសតែងតែធ្វើកន្លងមក។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះ រៀបរាប់ថា៖ «ជាការពិតយើងនឹងធ្វើវា។ យើងនឹងធ្វើជាអ្នកការពារកិត្តិយស។ យើងនឹងទទួល Liverpool នៅពេលពួកគេមកកាន់ទឹកដីយើងតាមរបៀបដែលមិនគួរឲ្យជឿ។ ពួកគេមិនបដិសេធឡើយ ហើយជាការពិតយើងនឹងធ្វើវាពីព្រោះពួកគេសមនឹងទទួលបាន»។
ការជួបគ្នារវាង Man City និង Liverpool ក្នុងសប្តាហ៍ទី៣២ គឺជាការជួបគ្នាលើកទី២ក្នុងរដូវកាលនេះ ខណៈជើងទី១នៅដី Anfield ហង្សក្រហម យកឈ្នះក្នុងលទ្ធផល ៣-១។
ឆ្លងកាត់ការប្រកួត៣១លើក ក្រុមរបស់លោក Jürgen Klopp រកបាន៨៦ពិន្ទុ ខណៈ Man City ដែលឈរលេខរៀងទីពីរក្នុងតារាង Premier League ទទួលបាន៦៣ពិន្ទុ។ ការប្រកួតនៅសល់៧លើកទៀត នឹងបញ្ចប់រដូវកាលនេះដោយជោគជ័យ៕