Man City និង Liverpool ប្រជែងគ្នាយកខ្សែបម្រើ តម្លៃធូរថ្លៃត្រឹម១,៥លាន

0
597

យោងតាមការចុះផ្សាយរបស់កាសែត Daily Mail ក្លិបមេឃខៀវ Manchester City បានចូលខ្លួនប្រជែងជាមួយក្លិបហង្ស Liverpool ស្រវាយកខ្សែបម្រើ Aster Vranckx របស់ក្រុម KV Mechelen  ។

ខ្សែបម្រើវ័យវ័យ១៧ឆ្នាំ បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ក្នុងរដូវកាលនេះ ជាពិសេសក្នុងការប្រកួត ដែលគេជួយក្រុម KV Mechelen ផ្ដួលក្រុមជើងខ្លាំងប្រចាំលីគប៊ែលហ្សិក Anderlecht ក្នុងលទ្ធផល២-០។

យ៉ាងណាមិញ ទម្រង់លេងក្នុងការប្រកួតខាងលើនោះហើយ ដែលទាក់ទាញក្រសែភ្នែក ក្លិបយក្សអង់គ្លេសទាំងពីរឲ្យមកចាប់អារម្មណ៍លើរូបគេ។

Aster ត្រូវបានក្លិប KV Mechelen ដំឡើងឲ្យលេងក្នុងក្រុមឈុតធំ កាលពីខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីចំណាយពេល១ឆ្នាំ លេងឲ្យឈុតយុវជនអាយុក្រោម១៨ឆ្នាំរបស់ក្លិប។ ដោយឡែក ក្នុងរដូវកាលនេះ គេបង្ហាញខ្លួនបាន១២ប្រកួត គិតរាលព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេរួមចំណែករកគ្រាប់បាល់ឲ្យក្រុមបាន៣គ្រាប់។

គួរបញ្ជាក់ផងដែរថា Man City និង Liverpool អាចនាំយក Aster ពីក្លិប KV Mechelen ក្នុងតម្លៃត្រឹម ១,៥លានផោន (ឬប្រមាណ ១,៨លានដុល្លារ) ប៉ុណ្ណោះ នេះបើយោងតាមសេចក្ដីរាយការណ៍របស់​ Daily Mail។ យ៉ាងណាមិញ ក្លិបយក្សអាល្លឺម៉ង់ Bayern Munich និងក្លិបជើងខ្លាំងរបស់ហូឡង់ Feyenoord ក៏កំពុងសម្លឹងមិនដាក់ភ្នែកមកលើខ្សែបម្រើសញ្ជាតិប៊ែលហ្សិករូបនេះផងដែរ៕