គ្រាប់ទី៣ Bruno ស៊ុតបាល់ហោះច្បាស់ណាស់! Man UTD លត់ Brighton ក្រៅដី ៣-០

0
702

ក្រុមបិសាចក្រហម Manchester United បានបន្តក្ដីសង្ឃឹមរបស់ខ្លួន ក្នុងការប្រជែងតំណែង Top 4 ដណ្ដើមកៅអីទៅលេងក្របខណ្ឌ Champions League រដូវកាលក្រោយ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះ Brighton & Hove Albion យ៉ាងចាស់ដៃក្នុងលទ្ធផល ៣ទល់នឹង០ កាលពីរាត្រីថ្ងៃពុធម្សិលមិញ។

គិតត្រឹមតង់ទី១ ក្រុមភ្ញៀវ Man UTD ធ្វើការនាំមុខមុនបាន២គ្រាប់ ខណៈគ្រាប់បើកឆាកជាការញាក់ស៊ុតជើងឆ្វេង ពីសំណាក់ខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood រីឯគ្រាប់ទី២ ជាការស៊ុតពីលើដំបូលទូក ដោយខ្សែបម្រើចំណូលថ្មី Bruno Fernandes ក្រោយទទួលបានបាល់ពីម្ចាស់អាវលេខ៦ Paul Pogba។

យ៉ាងណាមិញ ឈានចូលដល់តង់ទី២ បានប្រមាណ៥នាទី ក្រុមលោក Ole Gunnar Solskjaer បានរកឃើញ គ្រាប់ទី៣ ដោយកីឡាករ Bruno ដដែលបានប្រើថ្វីជើងរបស់គេ កាប់បាល់ហោះដែលបញ្ជូនពី Greenwood បញ្ចូលទីយ៉ាងអស្ចារ្យ។

ក្រោយឈ្នះការប្រកួតនេះ ក្រុមបិសាចក្រហម មានគម្លាតតែ២ពិន្ទុប៉ុណ្ណោះ ពីក្រុមលេខ៤ Chelsea ប៉ុន្តែ​ក្រុមរហស្សនាមតោខៀវ នៅសល់១ប្រកួតទៀតក្នុងដៃ ដែលនឹងត្រូវទៅតតាំងជាមួយនឹងក្រុមម្ចាស់ផ្ទះញញួរយក្ស West Ham នៅយប់នេះ វេលាម៉ោង២:១៥នាទីអធ្រាត្រ។

គួរឲ្យដឹងដែរថា Man UTD មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ ក្នុង១៥ប្រកួតចុងក្រោយ គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ពោលពួកគេឈ្នះបាន១១ដង និង ស្មើ៤ដង៕