Mancini ថាមានតែ Zlatan Ibrahimovic ប៉ុណ្ណោះ ដែលមានកម្រិតស្មើ Ronaldo និង Messi

876

អតីតគ្រូបង្វឹករបស់ Inter Milan និង Manchester City លោក Roberto Mancini បានឲ្យដឹងថា Zlatan Ibrahimovic មានកម្រិតខ្ពស់ស្មើនឹងកំពូលកីឡាករទាំងពីរគឺ Lionel Messi និង Cristiano Ronaldo។

Messi និង Ronaldo គឺជាកីឡាករដែលកំពុងធ្វើឲ្យពិភពបាល់ទាត់កក្រើកនៅទសវត្សរ៍នេះ ដោយពួកគេទាំងពីរអាចឈ្នះពាន Ballon d’Or ដល់ទៅ១១លើក (Ronaldo ៥លើក និង Messi ៦លើក) ហើយបើគិតគ្រាប់បាល់របស់ពួកគេទាំងពីរបូកបញ្ចូលគ្នាវិញគឺរហូតដល់ទៅ ១,៤២២គ្រាប់។

Ibrahimovic រកបានគ្រាប់បាល់ ៥៤០គ្រាប់ក្នុងអាជីពជាកីឡាកររបស់គេ ហើយបើតាមការគិតរបស់លោក Mancini ដែលធ្លាប់ធ្វើការជាមួយជម្រើសជាតិស៊ុយអែតរូបនេះ២ឆ្នាំនៅ Inter Milan ជឿជាក់ថា Ibrahimovic គឺជាខ្សែប្រយុទ្ធដ៏ល្អមួយរូបនៅក្នុងការប្រកួត។

ថ្លែងប្រាប់ Sport Mediaset បុរសសញ្ជាតិអ៊ីតាលីបានឲ្យដឹងយ៉ាងដូច្នេះថា៖

Zlatan នឹងក្លាយជាខ្សែប្រយុទ្ធមួយរូបដែលយើងនឹងចងចាំគ្រប់ពេលវេលា។ ខ្ញុំសូមដាក់គេឲ្យស្មើកម្រិតជាមួយ Messi និង Ronaldo។ គេបានឈ្នះពាននៅកន្លែងដែលគេបានលេង ហើយរកគ្រាប់បាល់បានច្រើនជាង ១ពាន់គ្រាប់។ ហើយគេក៏ធ្វើល្អជាមួយ (AC) Milan ដែរនៅរដូវកាលនេះ។

គួរឲ្យដឹងដែរថា Zlatan Ibrahimovic ដែលកំពុងលេងនៅ AC Milan ធ្លាប់ឈ្នះពានសរុប៣៣ ក្នុងអាជីពរបស់គេ ក្នុងនោះមានពានលីគកំពូល១៣ ពី៤ប្រទេសផ្សេងគ្នា៕