Real Madrid ប្ដូរចិត្ត លែងចង់លក់ Gareth Bale ទៀតហើយ!

0
584

ក្លិបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍មកថា មានគម្រោងរក្សាទុកខ្សែប្រយុទ្ធ Gareth Bale បន្តនៅកីឡដ្ឋាន Santiago Bernabeu យ៉ាងហោចមួយរដូវកាលទៀត។

ក្នុងប្រមាណ២រដូវកាលចុងក្រោយនេះ Bale មានព័ត៌មាលេចឮច្រើន ថាអាចនឹងផ្លាស់ចេញពី Real Madrid ដោយរបាយការណ៍ កាលពីពេលកន្លងទៅអះអាងថា ក្លិបយក្សអេស្ប៉ាញ ចង់បញ្ចេញជម្រើសជាតិវេល ដោយសារមិនចង់ចំណាយទៅលើប្រាក់ពលកម្ម ដ៏ច្រើនសន្ធឹកសន្ធាប់របស់គេបន្តទៀត។

ផ្ទុយទៅវិញ កាលពីពេលថ្មីៗនេះ កាសែត The Sun បានចុះផ្សាយថា ក្លិបជើងឯក Champions League ១៣សម័យ បានប្តូរចិត្តក្នុងការលក់ ម្ចាស់អាវលេខ១១រូបនេះហើយ ដោយចង់រក្សាទុករូបគេ យ៉ាងហោច១រដូវកាលទៀត។

ប្រភពខាងលើបានបន្ថែមទៀតថា មូលហេតុដែល Real Madrid សម្រេចចិត្តបែបនេះ គឺដោយសារតែ ក្លិបមិនចង់ប្រើប្រាស់លុយច្រើន ទៅទិញកីឡាករលំដាប់កំពូលៗមកជំនួស Bale នៅរដូវក្ដៅខាងមុខ ស្របពេលបច្ចុប្បន្នក្លិបកំពុងជួបវិបត្តិសេដ្ឋកិច្ច ដែលបង្ករឡើងដោយ ជំងឺរាតត្បាត Covid-19។

គួរឲ្យដឹងដែរថា បច្ចុប្បន្នអតីតខ្សែប្រយុទ្ធក្រុម Spurs កីឡាករ Bale មានវ័យ៣០ឆ្នាំ ហើយនៅក្នុងរដូវកាលនេះ គេបង្ហាញខ្លួនក្នុងក្រុមលោក Zinedine Zidane ទើបបាន១៨ប្រកួតប៉ុណ្ណោះ គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេស៊ុតបញ្ចូលទីបាន៣គ្រាប់ និងបោះបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន២ដង៕