ក្រុមអ្នកមានបារាំង Paris Saint-Germain (PSG) បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមយក្សនៅអ៊ីតាលី Inter Milan រួចរាល់ហើយ ក្នុងការទិញយកខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Mauro Icardi ដោយផ្ដល់កិច្ចសន្យារយៈពេល ៤ ឆ្នាំ។ នេះបើតាមការប្រកាសពីក្លិបទាំង ២ កាលពីថ្ងៃអាទិត្យ។
Icardi បានក្លាយជាសមាជិករបស់ PSG រដូវកាលនេះ ក្នុងនាមជាកីឡាករខ្ចីជើងប៉ុណ្ណោះ តែបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍មែនទែន ដោយការស៊ុតបញ្ចូលទីបាន ២០ គ្រាប់ ជាមួយនឹងវត្តមាន ៣១ លើក មុននឹងក្របខ័ណ្ឌ Ligue 1 ត្រូវផ្អាកមុនកាលកំណត់ ដោយសារការរាតត្បាតវីរុសកូរ៉ូណា ហើយក្រុមរបស់គេទទួលបានជើងឯកស្វ័យប្រវត្តិ។
ក្រោយពីបានឈានដល់កិច្ចព្រមព្រៀងនេះ ក្លិប PSG បានចេញសេចក្ដីប្រកាសថា៖ «ក្រុម PSG រីករាយប្រកាសឲ្យដឹងពីការសម្រេចទិញយកកីឡាករ Mauro Icardi ជាផ្លូវការហើយ ក្រោយពីបានខ្ចីរូបគេពីក្លិប Inter Milan អំឡុងរដូវកាល ២០១៩-២០២០ នេះ»។
តាមសេចក្ដីប្រកាសនោះ បានបញ្ជាក់ថា Icardi វ័យ ២៧ ឆ្នាំ ដែលបង្ហាញខ្លួនឲ្យអាហ្សង់ទីនចំនួន ៨ ប្រកួត តែកាន់លិខិតឆ្លងដែនអ៊ីតាលីនោះ បានយល់ព្រមកាន់ប៊ិកចុះហត្ថលេខាលេងឲ្យក្លិបរយៈពេល ៤ ឆ្នាំ ពោលគឺរហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៤។
នេះជាការផ្ទេរកីឡាករដ៏គួរឲ្យចាប់អារម្មណ៍ដំបូងគេនៅអឺរ៉ុប តាំងពីមានវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩ ហើយការមកដល់ជាផ្លូវការរបស់ Icardi នេះ អាចជាសញ្ញានៃការចាកចេញរបស់ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយ Edinson Cavani ផងដែរ ដែលកុងត្រារបស់កីឡាករវ័យ ៣៣ ឆ្នាំ នឹងផុតនៅថ្ងៃទី ៣០ ខែមិថុនា ខាងមុខនេះ។
សម្រាប់ក្លិប Inter Milan បានធ្វើការអរគុណដល់កីឡាករ Icardi ដែលរួមរស់ជាមួយគ្នា ៦ រដូវកាល គិតតាំងពីចាកចេញពីក្រុម Sampdoria ក្នុងឆ្នាំ ២០១៣ ហើយជូនពរឲ្យអតីតកីឡាកររបស់ខ្លួន ដែលបន្សល់គ្រាប់បាល់ ១២៤ គ្រាប់ ក្នុងកំណត់ត្រារបស់ក្លិប ជោគជ័យក្នុងអាជីពរបស់ខ្លួន នាពេលអនាគត ជាពិសេសជាមួយក្លិបថ្មីនេះ៕