Icardi ព្រមព្រៀង​ចុះ​កុងត្រា​លេង​ឲ្យ​ក្រុម​អ្នក​មាន PSG ៤ ឆ្នាំ

0
757

ក្រុម​អ្នក​មាន​បារាំង Paris Saint-Germain (PSG) បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុម​យក្ស​នៅ​អ៊ីតាលី Inter Milan រួច​រាល់​ហើយ ក្នុង​ការ​ទិញ​យក​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​អាហ្សង់ទីន​ Mauro Icardi ដោយ​ផ្ដល់​កិច្ច​សន្យា​រយៈពេល ៤ ​ឆ្នាំ​។ នេះ​បើ​តាម​ការ​ប្រកាស​ពី​ក្លិប​ទាំង ​២ កាល​ពី​ថ្ងៃ​អាទិត្យ​។​

Icardi ​បាន​ក្លាយ​ជា​សមាជិក​របស់ PSG រដូវកាល​នេះ ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​ប៉ុណ្ណោះ តែ​​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​​ចាប់​អារម្មណ៍​មែន​ទែន ដោយ​ការ​ស៊ុត​បញ្ចូល​ទី​បាន ២០ ​គ្រាប់ ជា​មួយ​នឹង​​វត្តមាន ​៣១ ​លើក មុន​នឹង​​ក្របខ័ណ្ឌ​ Ligue 1 ត្រូវ​ផ្អាក​មុន​កាល​កំណត់ ដោយសារ​ការ​រាត​ត្បាត​​វីរុស​​កូរ៉ូណា ហើយ​ក្រុម​របស់​គេ​​ទទួល​បាន​ជើងឯក​ស្វ័យ​ប្រវត្តិ​។

ក្រោយ​ពី​បាន​​ឈាន​ដល់​កិច្ច​ព្រមព្រៀង​នេះ ក្លិប​ PSG បាន​ចេញ​សេចក្ដី​ប្រកាស​ថា​៖ «​ក្រុម PSG រីករាយ​ប្រកាស​ឲ្យ​ដឹង​ពី​ការ​សម្រេច​ទិញ​យក​កីឡាករ Mauro Icardi ​ជា​ផ្លូវ​ការ​ហើយ ក្រោយ​ពី​បាន​ខ្ចី​រូប​គេ​ពី​ក្លិប​ Inter Milan អំឡុង​រដូវកាល ២០១៩-២០២០ នេះ​»។

តាម​សេចក្ដី​ប្រកាស​នោះ បាន​បញ្ជាក់​ថា Icardi ​វ័យ ២៧ ​ឆ្នាំ ដែល​បង្ហាញ​ខ្លួន​ឲ្យ​​អាហ្សង់ទីន​ចំនួន ៨ ប្រកួត​ តែ​កាន់​លិខិត​ឆ្លង​ដែន​អ៊ីតាលី​នោះ បាន​យល់​ព្រម​​កាន់​ប៊ិក​ចុះ​ហត្ថលេខា​លេង​ឲ្យ​ក្លិប​រយៈពេល ​៤ ​ឆ្នាំ ពោល​គឺ​រហូត​ដល់​ថ្ងៃទី ​៣០ ខែ ​មិថុនា ឆ្នាំ ​២០២៤​។

នេះ​ជា​ការ​ផ្ទេរ​កីឡាករ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដំបូង​គេ​នៅ​អឺរ៉ុប​ តាំង​ពី​មាន​វិបត្តិនៃ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ ​១៩ ហើយ​ការ​​មក​ដល់​ជា​ផ្លូវ​ការ​របស់ Icardi នេះ អាច​ជា​សញ្ញា​នៃ​ការ​ចាក​ចេញ​របស់​​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយរូហ្គាយ Edinson Cavani ផង​ដែរ ដែល​កុងត្រា​របស់​កីឡាករ​​វ័យ ៣៣ ​ឆ្នាំ ​នឹង​ផុត​នៅ​ថ្ងៃទី ​៣០ ខែ​មិថុនា​ ខាង​មុខ​នេះ​។

សម្រាប់​ក្លិប​ Inter Milan បាន​ធ្វើ​ការ​អរគុណ​ដល់​កីឡាករ Icardi ដែល​រួម​រស់​ជាមួយ​គ្នា ៦ ​រដូវ​កាល គិត​តាំង​ពី​ចាកចេញ​ពី​ក្រុម Sampdoria ក្នុង​ឆ្នាំ​ ២០១៣ ហើយ​ជូន​ពរ​ឲ្យ​អតីត​កីឡាករ​របស់​ខ្លួន ​ដែល​បន្សល់​គ្រាប់​បាល់ ១២៤ ​គ្រាប់ ក្នុង​កំណត់ត្រា​របស់​ក្លិប ​​ជោគជ័យ​ក្នុង​អាជីព​របស់​ខ្លួន នាពេល​អនាគត ជាពិសេស​ជាមួយ​ក្លិប​ថ្មី​នេះ​៕