FIFA​ បាន​ឯកភាព ​និង​អនុញ្ញាត​ឲ្យ​ក្លឹប​ទាំងអស់​​ប្ដូរ​កីឡាករ​បាន​ ៥នាក់​ ក្នុង​មួយ​ប្រកួត​​នៅ​ដើម​ខែ​ក្រោយ​នេះ ។

0
940

ការ​​ឯកភាព​និង​អនុញ្ញាត​បែប​នេះ​​ ធ្វើ​ឡើង​តាម​សំណើ​របស់​ FIFA ដែល​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ជួយ​សម្រាល​កីឡាករ​ ដែល​ត្រូវ​លេង​ញឹកញាប់​នៅ​ពេល​ចូល​ប្រកួត​វិញ​ បន្ទាប់​ពី​ឈប់​សម្រាក​ដោយ​សារ​តែ​ជំងឺ​កូវីដ-១៩។

យ៉ាង​ណា​មិញ​ ទោះ​ជា​ខាង​ក្រុម​ប្រឹក្សា​សមាគម​បាល់ទាត់​អន្តរជាតិ​ខាង​លើ​​ ព្រមព្រៀង​ឲ្យ​ប្ដូរ​កីឡាករ​បាន​ ៥​នាក់​ក្ដី​តែ​ ក្លឹប​នីមួយៗ​មាន​ឱកាស​តែ​ ៣​ដង​ (មិនមែន​ ៣នាក់​ទេ – តែ​ក្នុង​ ៣ដង​នោះ​អាច​ដូរ​បាន ៥នាក់) ក្នុង​ការ​ប្ដូរ​កីឡាករ​ទាំង​នោះ​ប៉ុណ្ណោះ​ ដើម្បី​ចៀស​វាង​បង្អាក់​ការ​ប្រកួត​។ ការ​ដូរ​កីឡាករ​អាច​ដូរ​បាន​នៅ​ក្នុង​ម៉ោង​សម្រាក​បញ្ចប់​តង់។

ចំពោះ​ប្រកួត​វគ្គ​បន្ថែម​ម៉ោង​វិញ ក្លឹប​អាច​ប្រើប្រាស់​កីឡាករ​ ដែល​នៅ​លើ​បង់​បាន តែ​ត្រូវ​ដូរ​នៅ​មុន​វគ្គ​បន្ថែម​ម៉ោង ឬ ក្នុង​ម៉ោង​សម្រាក​ពាក់កណ្ដាល​តង់​នៃ​វគ្គ​បន្ថែម​ម៉ោង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ច្បាប់​ថ្មី​នេះ​នឹង​មាន​ប្រសិទ្ធ​ភាព​លើ​រដូវ​កាល​ ២០១៩/២០​ និង​ ២០២០/២១​ ដោយ​ចាប់​ផ្ដើម​អនុវត្ត​នៅ​ថ្ងៃ​ទី​០១​ ខែ​មិថុនា​ ២០២០​ខាង​មុខ​នេះ​៕