Messi ចង់ឲ្យ Barca លក់ជម្រើសជាតិបារាំងម្នាក់នេះ ជាង Coutinho

0
620

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ជម្រើសជាតិអាហ្សង់ទីន Lionel Messi ចង់ឲ្យក្លិប Barcelona លក់ខ្សែប្រយុទ្ធស្លាប Ousmane Dembele និងរក្សាទុកខ្សែបម្រើ Philippe Coutinho។

អនាគតរបស់ Coutinho នៅកីឡដ្ឋាន Camp Nou កំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ដោយមួយរយៈចុងក្រោយមានព័ត៌មានលេចឮមកថា Barca ចង់បញ្ចេញរូបគេនៅរដូវក្ដៅខាងមុខ បន្ទាប់ពីមិនពេញចិត្តនឹងទម្រង់លេងរបស់ជម្រើសជាតិប្រស៊ីលរូបនេះ។

យ៉ាងណាមិញ ក្លិបធំៗ​ចំនួន៤នៅ Premier League រួមមាន Chelsea, Everton, Leicester City, និង Newcastle ត្រូវបានគេរាយការណ៍មកថា សុទ្ធសឹងតែជាក្លិប ដែលចាំទទួលយក Coutinho ។

Ousmane Dembele

ប៉ុន្តែបើយោងតាមរបាយកាណ៍កាលពីពេលថ្មីៗនេះ នៅ Barcelona ក៏មានបុគ្គលមួយចំនួនចង់ឲ្យក្លិបរក្សាទុកខ្សែបម្រើវ័យ២៧ឆ្នាំផងដែរ។

ជាក់ស្ដែង សេចក្ដីរាយការណ៍របស់កាសែត The Athletic បានបញ្ជាក់ថា ម្ចាស់អាលេខ១០ Messi រួមជាមួយនឹងកីឡាករក្នុងក្រុមឈុតធំរបស់ Barca មួយចំនួន ចង់ឲ្យក្លិបលក់ Dembele ជាង Coutinho។

គួរឲ្យដឹងដែរថា Dembele ក្នុងរដូវកាលនេះ មិនសូវបានចូលលេងឲ្យក្លិបជើងឯក La Liga ២៦សម័យនោះទេ ដោយសារតែគេ ជួបបញ្ហារបួសញាំញី។ តួយ៉ាង មុនពេលក្លិបផ្អាកសកម្មប្រកួត ដោយសារជំងឺកូវីដ១៩ ជម្រើសជាតិបារាំង បង្ហាញខ្លួនបាន ៩ប្រកួតប៉ុណ្ណោះ គិតរាល់ព្រឹត្តិការណ៍ទាំងអស់។

Philippe Coutinho

ដោយឡែក Coutinho ចាប់តាំងពីទៅលេងនៅ Bayern Munich ក្នុងកិច្ចសន្យាខ្ចីជើងកាលពីរដូវក្ដៅឆ្នាំមុនមក គេ​មានឱកាសចូលលេងបានច្រើនឲ្យក្រុមយក្សអាល្លឺម៉ង់។ ជាក់ស្ដែងក្នុងរដូវកាលនេះ គេបង្ហាញខ្លួនឲ្យ Bayern បាន ៣២ប្រកួត ក្នុងនោះគេរួមចំណែករកគ្រាប់បាល់ឲ្យក្រុមបាន១៧គ្រាប់ (ស៊ុត៩ Assist ៨)៕