Inter Milan ចង់បានខ្សែប្រយុទ្ធលំដាប់ A ម្នាក់នេះរបស់ Juventus

0
738

នាយកប្រតិបត្តិក្លិប Inter Milan លោក Giuseppe Beppe នឹងព្យាយាមធ្វើយ៉ាងណា ដើម្បីនាំយកខ្សែប្រយុទ្ធជួរមុខរបស់ Juventus កីឡាករ​ Paulo Dybala នៅប៉ុន្មានខែខាងមុខនេះ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌អ៊ីតាលី CalcioMercato.com។

Giuseppe Beppe

Inter អាចនឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្ទេរយកខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន ដោយអាចបង្វែរថវិកាពីការលក់ Mauro Icardi ដែលបច្ចុប្បន្នកំពុងលេងឲ្យ Paris Saint-Germain ក្រោមកិច្ចសន្យាខ្ចីជើង ទៅទិញ Dybala មកកាន់កីឡដ្ឋាន San Siro។

ក្លិបអ្នកមាននៅបារាំង PSG មានជម្រើសក្នុងការទិញផ្ដាច់ជាអចិន្រ្តៃយ៍ជម្រើសជាតិអាហ្សង់ទីន Icardi ក្នុងតម្លៃខ្លួន ៧០លានអឺរ៉ូ ហើយក្នុងករណីដែលក្រុម Thomas Tuchel ទិញមែន នោះពួកគេនឹងត្រូវបង់ប្រាក់បន្ថែមពីលើ ១៥លានអឺរ៉ូទៀតមកឲ្យភាគីខាងក្លិបអ៊ីតាលី ដែលនេះជាលក្ខខណ្ឌនៅក្នុងកិច្ចសន្យា។

បច្ចុប្បន្នកិច្ចសន្យារបស់ Dybala ជាមួយក្លិបរហស្សនាមសេះបង្កង់ មានសុពលភាពរហូតដល់ដំណាច់រដូវកាល ២០២១-២២ ហើយក៏មានសេចក្ដីរាយការណ៍មកថា Juventus កំពុងតែរៀបចំកុងត្រាថ្មីឲ្យគេ ដើម្បីបញ្ចៀសការចាប់អារម្មណ៍ពីសំណាក់ក្លិបផ្សេងៗ។

គួរឲ្យដឹងដែរថា នៅរដូវកាលនេះ ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ Dybala ចូលលេងបាន៣៤ប្រកួតពីគ្រប់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេរកបានគ្រាប់បាល់១៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច១២លើក៕