Messi និង Ronaldo តើអ្នកណាជាអ្នកមានជាង?

0
578

ប្រសិនបើជាជជែកគ្នាអំពី Lionel Messi ឬ Cristiano Ronaldo អ្នកណាដែលជាអ្នកខ្លាំងពូកែជាងពិតជារកមិនឃើញចម្លើយនោះទេ ចំណែក​សំនួរសួរថា​តើអ្នកទាំងពីរអ្នកណាជាអ្នកមានជាង នៅពេលនេះគឺត្រូវបានគេរកឃើញចម្លើយហើយ។

ដោយសារបានក្លាយជាកំពូលតារាឆ្នើមក្នុងវិស័យបាល់ទាត់ Ronaldo និង Messi រកលុយបានច្រើនណាស់អំពីវិស័យមួយនេះ។ ប្រាក់ចំណូលរបស់ពួកគេបានមកពីប្រាក់ឈ្នួលខ្ពស់ និងប្រាក់ឧបត្ថម្ភ​។ យោងតាម ​​Republicworld បានអោយដឹងថា Ronaldo គឺនាំមុខ Messi ផ្នែកមានទ្រព្យសម្បត្តិច្រើន។

កាលពីខែមិថុនាទស្សនាវដ្តី Forbes បានឱ្យដឹងថា Ronaldo បានក្លាយជាមហាសេដ្ឋីបាល់ទាត់ដំបូងគេនៅលើពិភពលោក។ ក្នុងរយៈពេល ១២ ខែកន្លងមកកំពូលតារាឆ្នើមព័រទុយហ្កាល់រកចំណូលបាន ១០៥ លានដុល្លារ មុនពេលបង់ពន្ធដោយហេតុនេះបានធ្វើឱ្យទ្រព្យសម្បត្តិសរុបរបស់កំពូលតារាវ័យ ៣៥ ឆ្នាំរូបនេះឡើងលើស ១ ពាន់លានដុល្លារ។

Ronaldo ក៏បានក្លាយជាកីឡាករទី ៣ នៅលើពិភពលោកដែលបានក្លាយជាមហាសេដ្ឋីខណៈពេលដែលគាត់កំពុងប្រកបអាជីប។ អស់រយៈពេល ១៧ ឆ្នាំនៃអាជីពរបស់គាត់ខ្សែប្រយុទ្ធរបស់ក្លឹប Juventus រកចំណូលបាន ៦៥០ លានដុល្លារ ប្រាក់ខែដែលនៅសល់គឺបានមកពីការឧបត្ថម្ភចំពោះការផ្សាយពាណិជ្ជកម្ម។

Messi ក៏ជាកីឡាករម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោកដែរ ប៉ុន្តែនៅតែចាញ់ Ronaldo ។ កំពូលតារាឆ្នើមរបស់អាហ្សង់ទីនរូបនេះ ត្រូវបានគេរំពឹងថានឹងក្លាយជាមហាសេដ្ឋីនៅឆ្នាំ ២០២១។ យោងតាមទស្សនាវដ្តី Forbes គឺ Leo រកបាន ១០៤ លានដុល្លារក្នុងរយៈពេល ១២ ខែចុងក្រោយនេះ។ ទ្រព្យសម្បត្តិសរុបពិតប្រាកដរបស់មេក្រុម Barca មិនត្រូវបានបង្ហាញទេ។

បច្ចុប្បន្នក្រុមអ្នកជំនាញប៉ាន់ស្មានថាទ្រព្យសម្បត្តិសរុបរបស់ Ronaldo មានចំនួន ៤៦៦ លានដុល្លារខណៈដែល Messi មានចំនួន ៤០០ លានដុល្លារ។ ទស្សនាវដ្តី Forbes ជឿជាក់ថា CR7 បើទោះបីជាមានអាយុលើសពី Messi ២ ឆ្នាំក៏ដោយ ក៏នៅតែនឹងក្លាយជាអ្នករកលុយបានច្រើនជាគេបំផុតនៅក្នុងពិភពកីឡាបាល់ទាត់អស់រយៈពេលជាច្រើនឆ្នាំទៀត។ ទាំងអស់សុទ្ធតែមានហេតុផលផ្ទាល់ខ្លួន៕