លោក Julian Nagelsman បន្ទោសកូនក្រុម ដែលសល់គ្នា ១០ នាក់ថា ការពារដូចក្រុមសិស្សសាលាក្នុងការប្រកួតនៅយប់ថ្ងៃពុធ ដែលក្រុម RB Leipzig របស់លោក លេងបានត្រឹមស្មើជាមួយក្រុម Hertha Berlin ២-២ នៅផ្ទះខ្លួនឯង ធ្វើឲ្យបាត់ឱកាសឡើងទៅចំណាត់ថ្នាក់ទី ២ ក្នុងតារាងពិន្ទុនៃក្របខ័ណ្ឌ Bundesliga។
ក្រុម Hertha តាមស្មើនៅចុងម៉ោងនៃតង់ទី២ ដែលជាការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ បានសម្រេចរបស់ខ្សែប្រយុទ្ធ Krzysztof Piatek ហើយវាក៏ជាគ្រាប់បាល់ ដែលជួយបន្ថយភាពអាម៉ាស់ឲ្យអ្នកចាំទី Rune Jarstein ផងដែរ ដែលចាប់បាល់មិនជាប់នាំឲ្យក្រុម Leipzig នាំមុខ ២-១។
ព្រោះតែទទួលបានលទ្ធផលមិនល្អ ជាពិសេសការបណ្ដោយឲ្យគ្រាប់បាល់កើតឡើងបានទាំងមិនគួរឲ្យជឿនេះ លោកគ្រូបង្វឹក Nagelsmann បានសម្ដែងអារម្មណ៍ខឹងសម្បាក្រុម Leipzig របស់លោក ដែលការពារបាល់ចេញពីជ្រុងមិនបានល្អ ពេលការប្រកួតលេងបានតែ ៩ នាទី ដោយបណ្ដោយឲ្យខ្សែបម្រើ Marko Grujic មានឱកាសបំប៉ោងសំណាញ់ទីបានសម្រេច។
លោក Nagelsmann បាននិយាយដោយអារម្មណ៍មួហ្មងថា៖ «យើងចាប់ផ្ដើមបានល្អ តែក្រោយមកធ្លាក់ចុះ។ យើងការពារដូចក្រុមកូនក្មេងសិស្សសាលា។ ជាលើកទី២ ហើយ ដែលយើងលេងស្មើបន្តបន្ទាប់គ្នា នៅផ្ទះខ្លួនឯង ហើយយើងរបូតគ្រាប់បាល់ទាំងមិនគួរឡើយ។ យើងត្រូវបន្ទោសខ្លួនឯង។ យើងរីករាយ ដែលអាចស៊ុតបញ្ចូលទីបាន តែពេលនេះ ខ្ញុំអត់សប្បាយចិត្តទេ»។
សម្រាប់ការប្រកួត ដែលបានលេងដោយបិទទ្វារកីឡដ្ឋាន Red Bull Arena នេះ ក្រុម Leipzig តាមពីក្រោយក្រុម Hertha ១-០ រហូតដល់នាំមុខ ២-១ វិញ មុននឹងស្មើគ្នា ២-២ ហើយគ្រាប់បាល់របស់ក្រុមម្ចាស់ផ្ទះ ធ្វើបានដោយកីឡាករ Lukas Klostermann និង Patrik Schick នាទីទី ២៤ និង ៦៨ ខណៈខាងក្រុមភ្ញៀវរកបានដោយកីឡាករ Grujic និង Piatek នាទីទី ៩ និងទី ៨២។
ការប្រកួតនេះ ក៏មានពិន័យកាតក្រហម ចំពោះកីឡាករក្រុមម្ចាស់ផ្ទះផងដែរ គឺខ្សែបម្រើ Marcel Halstenberg នៅនាទីទី ៦៣ បន្ទាប់ពីរូបគេប្រព្រឹត្តកំហុស ទទួលបានកាតលឿងជាលើកទី២ (ស្មើកាតក្រហម) ហើយលទ្ធផលត្រឹមតែ ១ ពិន្ទុនេះ ធ្វើឲ្យ Leipzig ឈរនៅលេខ ៣ ដដែល ក្នុងតារាងពិន្ទុលីកកំពូល ដោយតាមពីក្រោយក្រុមឈរលេខ ២ Borussia Dortmund ចំនួន ២ ពិន្ទុ និងក្រុមកំពូលតារាង Bayern Munich រហូតដល់ទៅ ៩ ពិន្ទុ ខណៈក្របខ័ណ្ឌ Bundesliga រដូវកាល ២០១៩-២០២០ នៅសល់តែ ៦ ប្រកួតទៀត នឹងបញ្ចប់ជាស្ថាពរហើយ៕