ដើម្បីចងជើង Neymar ឲ្យនៅបន្ត PSG គ្រោងដំឡើងប្រាក់ពលកម្មឡើងដល់ ៣៣លានផោន

0
578

ក្លិប Paris Saint-Germain គ្រោងផ្ដល់កុងត្រាថ្មី ឲ្យខ្សែប្រយុទ្ធ Neymar អមជាមួយការដំឡើងប្រាក់ពលកម្មឡើងដល់ ៣៣លានផោន (ឬប្រមាណ ៤០លានដុល្លារ) ក្នុង១ឆ្នាំ ដោយការផ្ដល់ជូននេះ ក្នុងគោលបំណងចង់បន្ទន់ចិត្តជម្រើសជាតិប្រេស៊ីល កុំឲ្យផ្ទេរទៅកាន់កីឡដ្ឋាន Camp Nou វិញ។

ម្ចាស់អាវលេខ១០របស់ក្រុម PSG រូបនេះ មួយរយៈចុងក្រោយ មានព័ត៌មានលេចឮ ថាអាចនឹងផ្លាស់ទៅកាន់ក្លិប Barcelona ដែលជាក្លិបចាស់របស់គេ ធ្លាប់រួមរស់ចន្លោះពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៧។

យោងតាមការចុះផ្សាយរបស់កាសែតអេស្ប៉ាញ Diario Sport នាយកផ្នែកកីឡារបស់ក្លិប PSG លោក Leonardo មិនចង់ឲ្យព័ត៌មានចចាមអារ៉ាមខាងលើ ក្លាយជាការពិតនោះទេ ដោយលោកគ្រោងផ្ដល់កុងត្រាថ្មី​ ចងជើង Neymar នៅកីឡដ្ឋាន Parc des Princes រហូតដល់ឆ្នាំ២០២៥ បូករួមជាមួយការដំឡើងប្រាក់អាទិត្យរហូតដល់ ៦៤ម៉ឺនផោន (ឬប្រមាណ ៧៩ម៉ឺនដុល្លារ) ក្នុង១សប្ដាហ៍។

កុងត្រាថ្មីនេះ អាចធ្វើឲ្យ Neymar ឡើងមកឈរកៀកខ្សែប្រយុទ្ធក្រុម Barca កីឡាករ Lionel Messi និងខ្សែប្រយុទ្ធក្រុម Juventus កីឡាករ Cristiano Ronaldo ក្នុងនាមជាតារាបាល់ទាត់ដែលទទួលបានប្រាក់ពលកម្មច្រើនជាងគេលើពិភពលោក។

យ៉ាងណាមិញ សម្រាប់រដូវកាលនេះ មុនពេលក្លិបផ្អាកសកម្មភាពប្រកួត ដោយសារជំងឺ Covid-19 កីឡាករ Neymar ស៊ុតឲ្យ PSG បាន១៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១០ដង។

គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចសន្យាបច្ចុប្បន្នរបស់​ Neymar ជាមួយនឹង PSG គេទទួលបានប្រាក់អាទិត្យ ៦០ម៉ឺនផោន (ឬប្រហែល ៧៤ម៉ឺនដុល្លារ) ក្នុង១សប្ដាហ៍ ខណៈកុងត្រានេះ ដំណើរការរហូតដល់ឆ្នាំ២០២២៕