លោក Oliver ទទូចចង់ឲ្យ Havertz ផ្លាស់ទៅលេងនៅក្លឹប Real Madrid

0
580

ខ្សែប្រយុទ្ធស្លាប កំពុងឡើងកូដរបស់ក្រុម Bayer Leverkusen កីឡាករ Kai Havertz ត្រូវបានអតីតជម្រើសជាតិអាល្លឺម៉ង់លោក Oliver Bierhoff ជំរុញឲ្យផ្លាស់ទៅចូលរួមជាមួយក្រុមអធិរាជស Real Madrid ខណៈកីឡាករវ័យក្មេងរូបនេះ បច្ចុប្បន្នជាគោលដៅតាមទិញរបស់ក្លិបតោខៀវ Chelsea ។

យោងតាមតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា Havertz បានប្រាប់ក្លិប Leverkusen ថា រូបគេចង់ចាកចេញនៅទីផ្សារដោះដូរ រដូវក្ដៅខាងមុខនេះ ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី​នៅលីគធំៗប្រចាំតំបន់អឺរ៉ុបផ្សេងទៀត។

យ៉ាងណាមិញតម្លៃខ្លួនដ៏កប់ពពករបស់គេ ហាក់ធ្វើឲ្យក្រុមផ្សេងៗ ដែលចង់បានមានការរារែក ដោយក្នុងនោះ ក្លិប Leverkusen ទាមទារ៩០លានផោន (ឬប្រមាណ ១១៣លានដុល្លារ) ឯណោះសម្រាប់ការផ្ទេរ ខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះ។

Chelsea ទំនងមិនចំណាយតាមការទាមទាររបស់ ក្លិប Leverkusen នោះទេ ប៉ុន្តែក៏មិនទាន់បោះបង់គំនិតតាមប្រមាញ់យក Havertz ដែរ ដោយឡែកក្លិបមួយចំនួនទៀត ហាក់ដកខ្លួនចេញហើយ។

ជាមួយគ្នានេះ ត្បិត Chelsea ចង់បាន ប៉ុន្តែអតីតខ្សែប្រយុទ្ធ ជម្រើសជាតិអាល្លឺម៉ង់ លោក Oliver យល់ឃើញថា Haverz សក្ដិសមនឹងលេងឲ្យ Real Madrid ជាង។

លោក Oliver បាននិយាយប្រាប់កាសែត Marca យ៉ាងដូច្នេះថា៖

Havertz ជាប្រភេទកីឡាករដែលសក្ដិសមនឹង Real Madrid។ គាត់នៅវ័យក្មេង ប៉ុន្តែមានគ្រប់សព្វទាំងអស់ ទាំងទេពកោសល្យ បច្ចេកទេស និងមានកាយសម្បទាល្អ។ គាត់ជាកីឡាករដ៏ពេញលេញម្នាក់ ហើយគាត់នឹងសំខាន់ សម្រាប់ក្រុមជម្រើសជាតិអាល្លឺម៉ង់។

គួរឲ្យដឹងដែរថា Havertz ត្រូវបាន Leverkusen ថ្ពក់ចេញពីថ្នាលយុវជន ដំឡើងមកលេងក្រុមឈុតធំកាលពីឆ្នាំ២០១៦។ គិតមកទល់ពេលនេះ គេចូលលេងបាន ១៤៨ប្រកួត ក្នុងនោះ គេស៊ុតបាន៤៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៣១ដង៕