Premier League នឹង​បញ្ចប់​​ចុង​ខែ៧ ខណៈ CL/EL លេង​​ខែ​៨

0
859

សារព័ត៌មាន Daily Mail ថ្ងៃ​នេះ បាន​ចុះផ្សាយថាពានរង្វាន់​ Premier League នឹង​ត្រូវ​គេ​បញ្ចប់ត្រឹម​ចុងខែ​កក្កដា ចំណែក​ Champions League និង Europa League នឹង​ចាប់​ផ្ដើម​លេង​នៅ​ខែ​សីហា ឆ្នាំ​២០២០។

ចំណែក​សារព័ត៌មាន The Sun បាន​​អះអាង​ថា បណ្ដា​ប្រធាន​​ Premier League និង​ប្រធាន UEFA លោក Aleksander Ceferin បាន​កំណត់​យក​ថ្ងៃ​ទី​៣១ ខែ​កក្កដា​ជា​ថ្ងៃ​បញ្ចប់ PL ដើម្បី​រក​ម្ចាស់​​ជើងឯក​ថ្មីរដូវកាល២០១៩/២០។ ដោយឡែកការប្រកួតប្រជែងពានរង្វាន់ Champions League និង Europa League នឹង​ចាប់​ផ្ដើម​ក្នុង​ខែ​សីហា មុន​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី។

ចំណែក​ប្រធាន​​ក្របខ័ណ្ឌពានរង្វាន់អឺរ៉ុប (European Leagues) លោក Lars Christer Olsson បាន​ឱ្យ​ដឹង​ថា ៖«មហិច្ឆតា​គឺ​ចុង​ខែ​៧ ត្រូវ​បញ្ចប់​លីគ​ក្នុង​ស្រុក បន្ទាប់​មក​ពួក​យើង​នឹង​ព្យាយាម​លេង​​វគ្គ​ផ្ដាច់ព្រ័ត្រ​ នៃ​ពានរង្វាន់​អឺរ៉ុប​​ក្នុង​ខែ​សីហា។ វា​នឹង​មាន​ការ​បត់បែន​ពី UEFA»។ យើង​នៅ​តែ​ជឿជាក់​លីគ​​ក្នុង​ស្រុក​អាច​បញ្ចប់​បាន។ ប្រទេស​ជា​ច្រើន​នឹង​ធ្វើ​​ដែរ បើ​ទោះ​លេង​បិទ​ទ្វារ​គ្មាន​អ្នកគាំទ្រ»។

ទាំង​២០​ក្លឹប​នៅ Premier League នឹង​ធ្វើ​ការ​ប្រជុំ​ផ្សេង​ទៀត​នៅ​ថ្ងៃ​សុក្រទី​១ ខែ​ឧសភា ដើម្បី​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ផ្សេងៗដែលអាចកើតមាន ពេល​ពួកគេ​ចាប់​ផ្ដើម​ការ​ប្រកួត​ឡើង​វិញ៕