ក្លិបបាល់ទាត់ដែលនៅក្របខ័ណ្ឌ Premier League របស់អង់គ្លេសបានខាតទឹកប្រាក់សរុប ៦០០ លានផោន (ជាង $៧០០ លាន) នៅរដូវកាល ២០១៨-២០១៩ ពោលគឺមុនមានការប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ដោយសារការរាតត្បាតនៃវីរុសកូរ៉ូណាទៅទៀត។ នេះបើតាមរបាយការណ៍ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ។
ការវិភាគពីអ្នកជំនាញហិរញ្ញវត្ថុវិស័យបាល់ទាត់នៃក្រុមហ៊ុន Vysyble បង្ហាញថា ក្លិបទាំង ២០ នៅលីកកំពូលរបស់អង់គ្លេសនេះ បានរួមគ្នាប្រកាសពីការខាតបង់ដ៏ធំ បើទោះជាមានចំណូលជាកំណត់ត្រា ៥,១៥ ពាន់លានផោន ($៦,៦ ពាន់លាន) ក៏ដោយ ហើយសម្រាប់ផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដោយសារជំងឺកូវីដ ១៩ នឹងបន្តមានឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ចំពោះ Premier League ទោះបីជាគម្រោងក្នុងការបញ្ចប់រដូវកាលនេះ នឹងពេញលេញដោយការប្រកួតបិទទ្វារក៏ដោយ។
ក្រុមនៅ Premier League ប្រឈមនឹងការសងត្រឡប់នូវទឹកប្រាក់ ដែលតាមដឹង ៣៣០ លានផោន (ជាង $៤០០ លាន) ទៅឲ្យទូរទស្សន៍ ដែលទិញសិទ្ធិផ្សាយបន្តផ្ទាល់ បើសិនជាការប្រកួតមិនអាចលេងចប់ចុងចប់ដើមដូចគ្រោងទេនោះ។ ជាមួយគ្នានេះ ការប៉ាន់ប្រមាណមួយបង្ហាញថា អាចបាត់បង់ផងដែរ នូវទឹកប្រាក់ ១២៦ លានផោន (ប្រមាណ ១៦០ លានដុល្លារ) ពីចំណូលការប្រកួត។
នាយកក្រុមហ៊ុន Vysyble លោក Roger Bell បាននិយាយថា៖ «ជំងឺកូវីដ ១៩ មិនមែនជាដើមហេតុ ដែលធ្វើឲ្យមានបញ្ហាហិរញ្ញវត្ថុក្នុងវិស័យបាល់ទាត់នោះទេ។ វាគ្រាន់តែជាប្រភពបន្ថែមលើអ្វី ដែលទិន្នន័យរបស់យើងបានបង្ហាញយ៉ាងច្បាស់ និងត្រឹមត្រូវពិតប្រាកដថា ជាបញ្ហាដ៏យូរអង្វែងប៉ុណ្ណោះ។ តួលេខសម្រាប់រដូវកាល ២០១៨-២០១៩ ជាផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ដែលគួរឲ្យភ្ញាក់ផ្អើល និងបារម្ភយ៉ាងខ្លាំង ចំពោះលីកបាល់ទាត់សំខាន់ៗនៃប្រទេសអង់គ្លេស ហើយវាជារោគសញ្ញារបស់បញ្ហា ដែលបាននៅកប់យ៉ាងជ្រៅជាមួយគំរូហិរញ្ញវត្ថុទាំងមូល»។
ការបាត់ចំណូលសម្រាប់ក្លិបនៅ Premier League បានឡើងដល់ ៣,១២ ពាន់លានផោន (ប្រមាណ $៤ ពាន់លាន) ក្នុងនោះក្រុម Everton ឲ្យដឹងនូវការខាតបង់ដ៏គួរឲ្យភ្ញាក់ផ្អើល ១១១ លានផោន (ប្រមាណ ១៤១ លានដុល្លារ) ខណៈក្រុម Chelsea ដែលខកខានបង្ហាញខ្លួននៅ Champions League បានធ្វើឲ្យខាតចំណូល ៩៦ លានផោន (ប្រមាណ ១២២ លានដុល្លារ)។
យ៉ាងណាក៏ដោយ ក៏សញ្ញាដ៏គួរឲ្យបារម្ភបំផុត ចំពោះស្ថានភាពហិរញ្ញវត្ថុនាពេលអនាគតនៃលីកនេះ គឺអាចលេចឡើងចំពោះក្រុម Tottenham Hotspur (Spurs) បើទោះជារដូវកាលមុន ២០១៨-២០១៩ ក្រុម Spurs បានឲ្យដឹងនូវប្រាក់ចំណេញ ដែលរកបាន ៦៨,៦ លានផោន (ប្រមាណ $៨៧ លាន) ក្នុងនោះរួមទាំងប្រាក់រង្វាន់ ដែលបានមកពីការលេងនៅ Champions League រហូតដល់វគ្គផ្ដាច់ព្រ័ត្រផង តែកាលពីសប្ដាហ៍មុន ក្លិបដែលមានទីតាំងនៅក្រុងឡុងដ៍មួយនេះ បានប្រកាសថា ខ្លួនបានខ្ចីធនាគារកណ្ដាល Bank of England នូវទឹកប្រាក់ ១៧៥ លានផោន (ប្រមាណ ២០០ លានដុល្លារ)។
បញ្ហាខាតបង់នេះ មិនមែនមានតែនៅក្របខ័ណ្ឌកំពូលនោះទេ លីកលំដាប់ទី២ Championship ក៏កើតមានដូចគ្នាដែរ។ ក្លិបចំនួន ៤ នៅក្របខ័ណ្ឌនេះ មិនទាន់បញ្ចេញរបាយការណ៍ទាំងស្រុង សម្រាប់ឆ្នាំ ២០១៩ នៅឡើយទេ ប៉ុន្តែការខាតបង់រួមសម្រាប់ក្រុមទាំង ២៤ នៅក្របខ័ណ្ឌ Championship មកទល់ពេលនេះ មានចំនួន ៣០៧ លានផោន (ប្រមាណ $៣៩១ លាន) ហើយបើតាមការប៉ាន់ប្រមាណជាចុងក្រោយ ការខាតបង់នេះ អាចនឹងឡើងដល់យ៉ាងហោចណាស់ក៏ជាង ៣៥០ លានផោន (ប្រមាណ$ ៤៤៦ លាន) ដែរ៕