ក្លិប​នៅ​អង់គ្លេស ខាត​ជាង $៧០០ លាន មុន​មាន​វិបត្តិ

0
124

ក្លិប​បាល់ទាត់​ដែល​នៅ​​ក្របខ័ណ្ឌ Premier League របស់​អង់គ្លេស​បាន​​​​ខាត​ទឹក​ប្រាក់​សរុប ​​៦០០ ​លាន​ផោន (ជាង $៧០០ ​លាន​) នៅ​រដូវកាល​ ២០១៨​-២០១៩ ពោល​គឺ​មុន​មាន​ការ​ប៉ះពាល់​ផ្នែក​ហិរញ្ញ​វត្ថុ ដោយសារ​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​ទៅ​ទៀត។ នេះ​​បើ​តាម​របាយការណ៍​ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​។​​​

ការ​វិភាគ​ពី​អ្នក​ជំនាញ​ហិរញ្ញវត្ថុ​វិស័យ​បាល់ទាត់​នៃ​ក្រុមហ៊ុន Vysyble បង្ហាញ​ថា ក្លិប​ទាំង ​២០ នៅ​​លីក​កំពូល​របស់​អង់គ្លេស​នេះ​ ​បាន​រួម​​គ្នា​ប្រកាស​ពី​ការ​ខាត​បង់​ដ៏​ធំ បើ​ទោះ​ជា​មាន​ចំណូល​ជា​កំណត់ត្រា​ ៥,១៥ ​ពាន់​លាន​ផោន​ ($៦,​៦ ​ពាន់​លាន) ក៏​ដោយ​ ហើយ​សម្រាប់​ផល​ប៉ះពាល់​ផ្នែក​ហិរញ្ញ​វត្ថុ​ដោយសារ​ជំងឺ​កូវីដ ​១៩ នឹង​បន្ត​មាន​ឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ ​ចំពោះ​​ Premier League ទោះបី​ជា​​គម្រោង​ក្នុង​ការ​បញ្ចប់​រដូវកាល​នេះ ​នឹង​ពេញ​លេញ​ដោយ​ការ​ប្រកួត​​​បិទ​ទ្វារ​ក៏​ដោយ​។​​​​

ក្រុម​នៅ Premier League ប្រឈម​នឹង​ការ​សង​ត្រឡប់​​នូវ​ទឹក​ប្រាក់ ដែល​តាម​ដឹង ​៣៣០ ​លាន​ផោន (ជាង ​$៤០០ លាន) ទៅ​ឲ្យ​ទូរទស្សន៍ ដែល​ទិញ​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់​ បើ​សិន​ជា​ការ​ប្រកួត​មិន​អាច​លេង​​ចប់​ចុង​ចប់​ដើម​ដូច​គ្រោង​ទេ​នោះ​។ ជាមួយ​​​គ្នា​នេះ ការ​ប៉ាន់​ប្រមាណ​មួយ​បង្ហាញ​ថា​ អាច​បាត់បង់​ផង​ដែរ ​នូវ​ទឹក​ប្រាក់​ ​១២៦ លាន​ផោន (ប្រមាណ ១៦០ ​លាន​ដុល្លារ​) ពី​ចំណូល​ការ​ប្រកួត​។​

នាយក​ក្រុមហ៊ុន​ Vysyble លោក Roger Bell បាន​និយាយ​ថា​៖ «​ជំងឺ​កូវីដ ​១៩ មិនមែន​ជា​ដើម​ហេតុ ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​ហិរញ្ញវត្ថុ​ក្នុង​វិស័យ​បាល់ទាត់​នោះ​ទេ​។​​​ វា​គ្រាន់​តែ​ជា​ប្រភព​បន្ថែម​លើ​អ្វី ដែល​ទិន្នន័យ​របស់​យើង​បាន​បង្ហាញ​យ៉ាង​ច្បាស់ និង​ត្រឹម​ត្រូវ​ពិត​ប្រាកដ​ថា​ ជា​បញ្ហា​ដ៏​យូរ​អង្វែង​ប៉ុណ្ណោះ​។ តួលេខ​​សម្រាប់​រដូវកាល ២០១៨​-២០១៩ ជា​​ផល​ប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល និង​បារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​លីក​បាល់​ទាត់​សំខាន់ៗ​នៃ​ប្រទេស​​​អង់គ្លេស ហើយ​វា​ជា​រោគសញ្ញា​របស់​​បញ្ហា ​ដែល​បាន​នៅ​កប់​​យ៉ាង​ជ្រៅ​ជាមួយ​គំរូ​ហិរញ្ញវត្ថុ​ទាំង​មូល​»​។

ការ​បាត់​ចំណូល​សម្រាប់​ក្លិប​នៅ Premier League បាន​ឡើង​ដល់ ​៣,១២ ​ពាន់​លាន​ផោន (ប្រមាណ ​$៤ ពាន់​លាន) ក្នុង​នោះ​ក្រុម Everton ឲ្យ​ដឹង​នូវ​ការ​ខាតបង់​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ​១១១ លាន​ផោន​ (ប្រមាណ ១៤១ ​លាន​ដុល្លារ) ខណៈ​ក្រុម​ Chelsea ដែល​ខកខាន​បង្ហាញ​ខ្លួន​នៅ​ Champions League បាន​ធ្វើ​ឲ្យ​ខាត​ចំណូល​ ​៩៦ លាន​ផោន​ (ប្រមាណ​ ​១២២ ​លាន​ដុល្លារ​)។

យ៉ាងណា​ក៏​ដោយ​ ក៏​សញ្ញា​ដ៏​គួរ​ឲ្យ​បារម្ភ​បំផុត ​ចំពោះ​ស្ថានភាព​​ហិរញ្ញវត្ថុ​នាពេល​អនាគត​នៃ​លីក​នេះ គឺ​អាច​​លេច​ឡើង​ចំពោះ​​​ក្រុម Tottenham Hotspur (Spurs) បើ​ទោះ​ជា​​រដូវកាលមុន ២០១៨-​២០១៩ ក្រុម Spurs បាន​​ឲ្យ​ដឹង​នូវ​ប្រាក់​ចំណេញ​ ដែល​រក​បាន ៦៨​,​៦ ​លាន​ផោន (ប្រមាណ $៨៧ ​លាន​) ក្នុង​នោះ​រួម​ទាំង​ប្រាក់​រង្វាន់​​ ដែល​បាន​មក​ពី​ការ​លេង​នៅ​​ ​Champions League រហូត​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ផង តែ​កាល​ពី​សប្ដាហ៍​មុន​ ក្លិប​ដែល​មាន​ទីតាំង​នៅ​ក្រុង​ឡុង​ដ៍​មួយ​នេះ បាន​ប្រកាស​ថា​ ខ្លួន​បាន​ខ្ចី​ធនាគារ​កណ្ដាល​ Bank of England នូវ​ទឹក​ប្រាក់​ ១៧៥ ​លាន​​ផោន​ (ប្រមាណ ២០០ ​លាន​ដុល្លារ)។

 

បញ្ហា​ខាតបង់​នេះ មិន​មែន​មាន​តែ​នៅ​ក្របខ័ណ្ឌ​កំពូល​នោះ​ទេ​ លីក​លំដាប់​ទី​២ Championship ក៏​កើត​មាន​​ដូច​គ្នា​ដែរ។ ក្លិប​ចំនួន​ ៤ នៅ​ក្របខ័ណ្ឌ​នេះ មិន​ទាន់​បញ្ចេញ​របាយការណ៍​ទាំង​ស្រុង ​សម្រាប់​ឆ្នាំ​ ២០១៩ នៅ​ឡើយ​ទេ ប៉ុន្តែ​ការ​ខាត​បង់​រួម​​សម្រាប់​ក្រុម​ទាំង​ ២៤ ​នៅ​ក្របខ័ណ្ឌ Championship មក​ទល់​ពេល​នេះ មាន​ចំនួន​ ៣០៧ ​លាន​ផោន (ប្រមាណ​ $៣៩១ ​លាន​) ហើយ​បើ​តាម​ការ​ប៉ាន់​ប្រមាណ​ជា​ចុង​ក្រោយ ការ​ខាត​បង់​នេះ អាច​នឹង​ឡើង​ដល់​យ៉ាង​ហោច​ណាស់​​ក៏​ជាង​ ៣៥០ ​លាន​ផោន (ប្រមាណ$ ៤៤៦ ​លាន) ដែរ​៕