កីឡាករឆ្នើមរបស់ PSG ប្រាប់ថា គេមិនដែលចង់ចាកចេញពី Man UTD ទេ

0
632

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរបស់ក្រុម Paris Saint-Germain កីឡាករ Ander Herrera បានសារភាពថា គេមិនដែលមានចិត្តចង់ចាកចេញពីក្លិបបិសាចក្រហម Manchester United ម្ដងណានោះទេ។

Herrera ថា ដោយសារតែគេមានគំនិតផ្ទុយគ្នាជាមួយនឹងថ្នាក់ដឹកនាំរបស់ក្លិប Man UTD ទើគេសម្រេចចិត្តដើរចេញពីកីឡដ្ឋាន Old Trafford មករួមរស់ជាមួយនឹងក្រុម PSG កាលពីរដូវក្ដៅឆ្នាំមុន។

យ៉ាងណាមិញ ត្រឹមរដូវកាលដំបូង ខ្សែបម្រើវ័យ៣០ឆ្នាំ បានភ្លក់រសជាតិពាន Ligue 1 ជាមួយនឹង PSG ទៅហើយ ប៉ុន្តែគេមិនមានអារម្មណ៍ថា សប្បាយចិត្តនឹងការឈ្នះពាន ដោយសារតែលីគត្រូវរំសាយចោល ពាក់កណ្ដាលទីបែបនេះទេ។

Herrera បាននិយាយប្រាប់កាសែត ESPN យ៉ាងដូច្នេះថា៖

និយាយឲ្យស្មោះត្រង់ចុះ ខ្ញុំមិនមានអារម្មណ៍រំភើបនឹងការឈ្នះពានបែបនេះនោះទេ។ ខ្ញុំស្រលាញ់បាល់ទាត់ ហើយខ្ញុំចូលចិត្តលេងកីឡាមួយនេះ រួចឈ្នះពានលើទីលាន។ ជាការពិតណាស់ ខ្ញុំពិតជាមានអារម្មណ៍ថា សោកស្ដាយដែលការឈ្នះពានលីគកំពូលជាលើកដំបូងរបស់ខ្ញុំ បែជាទទួលបានរបៀបនេះទៅវិញ។

Herrera មិនដែលបានធ្លាប់ឈ្នះពានលីគកំពូលក្នុងអាជីពរបស់គេម្ដងនោះទេ មុនពេលគេផ្លាស់មក PSG ជាក់ស្ដែងរយៈ៥ឆ្នាំ នៅ Man UTD គេធ្លាប់ត្រឹម ឈ្នះពាន FA Cup, Carabao Cup និង Europa League ជាមួយនឹងក្រុមបិសាចក្រហម។

យ៉ាងណាមិញ បើទោះជាមិនដែលឈ្នះ Premier League ជាមួយ Man UTD ក៏ ​Herrera នៅតែស្រលាញ់ក្លិបយក្សអង់គ្លេសមួយនេះ ដោយរូបគេមិនធ្លាប់មានគំនិតចង់ចាកចេញនោះទេ ប៉ុន្តែដោយសារតែគេមានជម្លោះជាមួយនឹងថ្នាក់ដឹកនាំរបស់ក្រុមបិសាចក្រហម ទើបគេមិនអាចទ្រាំបន្តនៅកីឡដ្ឋាន Old Trafford ទៀតបាន។

Herrera បានបកស្រាយលម្អិតបែបនេះថា៖

ក្រឡេកមើលទៅកាលពីមួយឆ្នាំមុន ខ្ញុំមិនដែលមានបំណងចង់ចាកចេញពី Manchester United ទេ។ ដោយសារតែខ្ញុំមិនយល់ស្របចំពោះគំនិតមួយចំនួនរបស់ពួកគេ ទើបខ្ញុំដើរចេញ ប៉ុន្តែវាជារឿងធម្មតា ព្រោះក្នុងវិស័យបាល់ទាត់ រឿងបែបនេះ​តែងតែកើតមានឡើង។ ក្រុមណាក៏ធ្លាប់កើតឡើងដែរ៕