Leipzig ខក​ឱកាស​ឡើងឈរ​លេខ២ ក្រោយ​ស្មើ Hertha Berlin ក្នុង​ទឹកដី​ខ្លួនឯង​

0
709

​ក្រុម​លេខ៣ នៅ Bundesliga, RB Leipzig បាន​ខក​ឱកាស​ឡើង​មក​ឈរ​លេខ​២ ក្នុង​តារាង​ក្រោយ​បាន​បញ្ចប់​ត្រឹម​ស្មើគ្នា ២–២ ក្នុង​ទឹកដី​ខ្លួនឯង​ពេល​ទទួល​ភ្ញៀវ Hertha Berlin ក្នុង​សប្ដាហ៍​ទី២៨ យប់​មិញ​។ ​ក្រុម​ភ្ញៀវ Berlin ចាប់ផ្ដើម​បាន​ល្អ​បន្ទាប់ពី​កីឡាករ​ខ្ចី​ជើង​ពី Liverpool, Marko Grujic​ ស៊ុត​បាល់​វ៉ូ​ឡេ​បើក​ការ​នាំ​មុខ​នៅ​នាទី​ទី៩​។

​​តែ​ក្នុង​វគ្គ​ទី១ ដដែល​ម្ចាស់ផ្ទះ Leipzig ក៏​តាម​ស្មើ​វិញ​នៅ​នាទី​ទី​២៤ ដោយ​ការ​តែ​ត​បញ្ចូល​ទី​របស់ Lukas Klostermann មុន​ពេល​ដែល​ចូល​វគ្គ​ទី​២ Leipzig បាត់បង់​គ្នា​ម្នាក់​នៅ​ពេល Marcel Halstenberg ​ទទួល​បាន​កាត​លឿង​ទី​២ ស្មើនឹង​កាត​ក្រហម​បណ្ដេញ​ចេញពី​ការប្រកួត​។ ​យ៉ាង​ណាក្តី​គ្នា​តិច​ជាង​ពិតមែន Patrick Schick ក៏​ស៊ុត​នាំមុខ​អោយ Leipzig លើកដំបូង​ក្នុង​ការ​ប្រកួត​នៅ​នាទី​ទី៦៨​។ ២–១ នេះ​ស្ទើ​តែ​រក្សា​ដល់​ចប់​ការប្រកួត​ទៅហើយ តែ​កំហុស​របស់​អតីត​កីឡាករ​របស់ Everton, Ademola Lookman​ នៅ​ក្នុង​ប្រអប់​ ខណៈ Krzysztof Piatek ​ស៊ុត​បាល់ ១១​ម៉ែត្រ​បាន​សំរេច​បង្អាក់​ ៣​ពិន្ទុ​របស់ Leipzig ក្នុង​សប្ដាហ៍​ទី​២៨ នេះ​បន្ត​ឈរ​លេខ​៣ ដេញ​ពីក្រោយ Dortmund ពីរ​ពិន្ទុ​។

ដោយឡែក​មួយ​ប្រកួត​ទៀត Schalke 04 ចាញ់​នៅ​ទឹកដី​ក្រុម​ក្បែរ​បាត​តារាង Dusseldorf ២–១ ធ្វើ​អោយ​កៅអី​របស់​លោក David Wagner កាន់តែ​ក្តៅ​។ ​Schalke​ មិនដែល​ស្គាល់​រសជាតិ​ឈ្នះ​ឡើយ​តាំងពី​ខែ​មករា ធ្លាក់​មក​ឈរ​លេខ៩ ក្នុង​តារាង​មាន​ត្រឹម ៣៧​ពិន្ទុ​៕