ក្លិបអធិរាជស Real Madrid ត្រូវបានរាយការណ៍មកថា បានសម្លឹងឃើញទៅលើខ្សែបម្រើឆ្នើមៗចំនួន៣រូប សម្រាប់ការនាំមកកានកីឡដ្ឋាន Santiago Bernabeu នៅទីផ្សារដោះដូររដូវក្ដៅឆ្នាំក្រោយ។
ក្លិបយក្សអេស្ប៉ាញត្រូវបានគេដឹងថា ឆ្លៀតឱកាសនៃជំងឺកូវីដ១៩ កំពុងតែរាតត្បាត ដើម្បីទិញចូលកីឡាករល្អមកពង្រឹងក្រុមសម្រាប់រដូវកាល ២០២១-២២។
ខ្សែបម្រើ Man UTD កីឡាករ Paul Pogba គឺមានដំណឹងជុំវិញការផ្ទេរមកកាន់រាជធានីអេស្ប៉ាញជាង១៨ខែមកហើយ ប៉ុន្តែបើតាម AS ក្លិប Real Madrid នៅតែបន្តចាប់អារម្មណ៍ក្នុងការនាំយកកីឡាករជម្រើសជាតិបារាំង។
ក្រៅពី Pogba នៅមានកីឡាករ២រូបផ្សេងទៀតដែលជាគោលដៅរបស់លោក Zinedine Zidane រួមមានកីឡាករវ័យ១៧ឆ្នាំ ដែលកំពុងរះ Eduardo Camavinga របស់ Rennes និងកម្លាំងចលករសំខាន់នៅតំបន់បម្រើរបស់ Napoli កីឡាករ Fabian Ruiz។
Ruiz គឹជាគោលដៅសំខាន់ជាងគេរបស់ថ្នាក់ដឹកនាំ Real Madrid ប៉ុន្តែតម្លៃនៃការទិញផ្ដាច់កុងត្រារបស់គេ ៨៨លានផោន នឹងអាចក្លាយជារនាំងរាំងស្ទះដ៏សំខាន់ចំពោះការផ្ទេរ។
ចំណែក Camavinga ឯណេះវិញ គឺជាយុវជនមួយរូបដែលកំពុងតែលេចធ្លោ និងទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបធំៗក្នុងតំបន់អឺរ៉ុប ខណៈតម្លៃនៃការទិញផ្ដាច់កុងត្រារបស់គេពីក្លិបបារាំង Rennes គឺចំនួន ៥៣លានផោន៕