កីឡាករក្លឹបអធិរាជស Real Madrid ចង់ឱ្យក្រុមរបស់គាត់លើកពាន La Liga រដូវកាលនេះ ក្នុងករណីដែលអ្វីៗនឹងដំណើរការជាធម្មតាតែប៉ុណ្ណោះ។ ប្រធានក្រុម Real Madrid កីឡាករ Sergio Ramos ពិតជាចង់ឈ្នះពានរង្វាន់នៅរដូវកាលនេះខ្លាំងណាស់ ប៉ុន្តែយើងនៅរង់ចាំបន្តទៀតថាពេល ណាទើបយើងអាចត្រឡប់មកលេងបានវិញ។
រដូវកាលនេះ La Liga ត្រូវបានផ្អាកកាលពីខែមុន ដោយសារ Covid-19 ដែលបានសម្លាប់មនុស្សជាង ២១៧,០០០ នាក់នៅទូទាំងពិភពលោក។ ក្លឹបជិតបានចូលហ្វឹកហាត់វិញហើយនៅអេស្ប៉ាញ ហើយរដូវកាលនេះអាចនឹងចាប់ផ្តើមឡើងវិញនៅខែមិថុនា។ Ramos ចង់លេងឈ្នះពានឱ្យច្រើនសម្រាប់ Real Madrid ដែលសព្វថ្ងៃស្ថិតនៅចំណាត់ថ្នាក់លេខ ២ នៅ La Liga និងឆ្លងដល់វគ្គ ១៦ ក្រុមចុងក្រោយ នៃ Champions League មុនពេលដែលអ្វីៗត្រូវបានបញ្ឈប់។
តាមរយៈប្រព័ន្ធសារព័ត៌មាន AS Ramos បាននិយាយថា “សុខភាពរបស់មនុស្សគ្រប់គ្នានឹងមិនអាចមានហានិភ័យឡើយ។ ខ្ញុំកំពុងទន្ទឹងរង់ចាំការប្រកួតឡើងវិញ ចង់ប្រកួតប្រជែងទាំងនៅក្របខ័ណ្ឌ La Liga និង Champions League”។ និយាយត្រង់ខ្ញុំឃ្លានចង់ប្រកួតណាស់ ចង់បញ្ចប់រដូវកាលដោយបានលើកពាន ប៉ុន្តែដំបូងយើងត្រូវរង់ចាំអ្នកដែលត្រូវធ្វើការសម្រេចចិត្តសមស្របមួយសម្រាប់កាលៈទេសៈនេះ។
ប្រទេសអេស្ប៉ាញបានរងការវាយប្រហារដោយវីរុស Covid-19 ដោយមានករណីឆ្លងជាង ២៣២,០០០ ករណី និងចំនួនអ្នកស្លាប់លើសពី ២៣,៨០០ នាក់។ Ramos បានអំពាវនាវឱ្យប្រជាជនបន្តអនុវត្តតាមគោលការណ៍ណែនាំនៅក្នុងប្រទេសនីមួយៗផងដែរ។
ខ្សែការពាររូបនេះបានបន្ថែមថា “យើងមិនអាចគិតថាអ្វីៗបានល្អប្រសើរនោះទេ ហើយស្ថានភាពដ៏ធ្ងន់ធ្ងរនៃវីរុសឆ្លងនេះនៅតែជាបញ្ហា ដែលយើងត្រូវមានការប្រុងប្រយ័ត្ន”។ យើងត្រូវតែអនុវត្តតាមគោលការណ៍ណែនាំដើម្បីបញ្ចប់វីរុសនេះ និងទុកពេលវេលាឱ្យអ្នកវិទ្យាសាស្ត្ររកវ៉ាក់សាំងមកការពារ។
កិច្ចសន្យាបច្ចុប្បន្នរបស់ Ramos នឹងផុតកំណត់នៅឆ្នាំ ២០២១ ប៉ុន្តែអតីតខ្សែបម្រើរបស់ក្រុម Real Fernando Redondo ចង់ឃើញវីរបុរសរូបនេះបានឈ្នះពាន La Liga ៤ ដង និង Champions League ៤ ដងដូចគ្នានៅ Real Madrid។ Ramos បានបង្ហាញខ្លួនចំនួន ៦៤០ ដងឱ្យ Los Blancos ក្នុងរយៈពេល ១៥ ឆ្នាំ និងរកបាន ៩១ គ្រាប់។ សូមរំលឹកផងដែរថា ខ្សែការពាររូបនេះបានផ្លាស់ពី Sevilla ទៅ Bernabeu ក្នុងឆ្នាំ ២០០៥៕