ខ្សែប្រយុទ្ធស្លាបចំណូលថ្មីរបស់ក្លិប Bayern Munich កីឡាករ Leroy Sane បានផ្ដល់យោបល់ឲ្យក្លិបតោខៀវ Chelsea គួរគិតគូទិញតារាឆ្នើមក្រុម Bayer Leverkusen កីឡាករ Kai Havertz មកចាប់ដៃគូជាមួយនឹងខ្សែប្រយុទ្ធថ្មីរបស់ពួកគេ Timo Werner ។
Havertz បានបង្ហាញទម្រង់យ៉ាងលេចធ្លោ ឲ្យក្រុម Leverkusen នៅរដូវកាលនេះ ដោយស៊ុតបាន១៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៩ដង ខណៈសមត្ថភាពរបស់គេបានទាក់ចិត្តក្លិបធំៗជាច្រើននៅ Premier League រួមមាន Manchester United និង Chelsea ជាដើម។ ក្នុងនោះដែរ ជម្រើសជាតិអាល្លឺម៉ង់វ័យ២១ឆ្នាំរូបនេះ ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃខ្លួនចន្លោះពី៧០លានផោន ទៅ៨០លានផោន។
យ៉ាងណាមិញ អតីតកីឡាករក្រុម Manchester City កីឡាករ Sane ក៏ហាក់គាំទ្រឲ្យ Chelsea ទិញមិត្តរួមជម្រើសជាតិរបស់គេ កីឡាករ Havertz ផងដែរ ដោយនិយាយយ៉ាងដូច្នេះថា៖
វាពិតជាល្អណាស់សម្រាប់ Chelsea ប្រសិនបើពួកគេ ចុះកុងត្រាយក កីឡាករឆ្នើមរបស់អាល្លឺម៉ង់ទាំងពីរ Timo Werner និង Kai Havertz នៅរដូវក្ដៅនេះ។
គួរឲ្យដឹងដែរថា Chelsea ទើបតែចុះកុងត្រាបានកីឡាករឆ្នើមៗចំនួន២រូបមករួមក្រុមដើម្បី ត្រៀមប្រជែងជាមួយក្លិបធំៗឯទៀតនៅរដូវកាលក្រោយ ក្នុងនោះពួកគេទិញបានខ្សែបម្រើ Hakim Ziyech ពី Ajax និង ខ្សែប្រយុទ្ធ Werner ពីក្លិប RB Leipzig៕