Real Madrid ចូលខ្លួនមកប្រជែង Barca តាមទិញសំណព្វចិត្តម្នាក់របស់លោក Mourinho

0
620

Real Madrid និង Barcelona ត្រូវបានរាយការណ៍មកថា កំពុងតែប្រជែងគ្នាក្នុងការតាមប្រមាញ់នាំយកខ្សែបម្រើរបស់ Tottenham Hotspur កីឡាករ Tanguy Ndombele មកលេងនៅទឹកដីអេស្ប៉ាញ សម្រាប់ទីផ្សារដោះដូររដូវក្ដៅ។

ខ្សែបម្រើជម្រើសជាតិបារាំងរូបនេះបានព្យាយាមសម្របខ្លួនយ៉ាងខ្លាំងក្នុងក្របខណ្ឌ Premier League ក្រោយផ្លាស់ពី Lyon មកចូលរួមជាមួយ​ Spurs ក្នុងតម្លៃខ្លួនបំបែកឯតទគ្គកម្មក្លិបកាលពីរដូវក្ដៅឆ្នាំមុន ហើយពេលនេះអនាគតរបស់គេនៅទីក្រុងឡុងដ៍កំពុងតែស្ថិតក្នុងភាពស្រពិចស្រពិល។

បើតាម L’Equipe បានឲ្យដឹងថាកីឡាករ Tanguy Ndombele អាចនឹងចាកចេញពីក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍នៅរដូវក្ដៅដែលនឹងចូលមកដល់នាពេលខាងមុខ ខណៈ Real Madrid និង Barcelona កំពុងតែដាក់រ៉ាដាចង់បានមកលើរូបគេ។

គួរឲ្យដឹងដែរថា កិច្ចសន្យារបស់ Ndombele ជាមួយ Spurs នឹងផុតសុពលភាពនៅឆ្នាំ២០២៥ ខណៈនៅរដូវកាលនេះ គេរកគ្រាប់បាល់បាន២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច២លើក ពីការបង្ហាញខ្លួន១៩ប្រកួត ក្នុងក្របខណ្ឌ Premier League៕