តាមការចុះផ្សាយរបស់ Daily Mail តារាឆ្នើម Virgil van Dijk នឹងក្លាយជាកីឡាករថ្លៃជាងគេបំផុតក្នុងប្រវត្តិសាស្ត្រក្លឹប Liverpool បន្ទាប់ពីរូបគេយល់ព្រមទទួលយកកិច្ចព្រមព្រៀងតម្លៃពលកម្ម ២២០,០០០ ផោនក្នុងមួយសប្ដាហ៍។
ជម្រើសជាតិហុឡង់ដ៍នឹងបន្តកុងត្រាថ្មីមានតម្លៃ ៥៧ លានផោនរយៈពេល៥ឆ្នាំ ពេលក្លឹប Liverpool លើកពាន Premier League រដូវកាលនេះ ហើយវាជារឿងល្អមួយសម្រាប់ក្រុមហង្សក្រហម ព្រោះកន្លងមកមានលេចឭថាក្លឹបយក្សបារាំង Paris Saint-Germain ក៏ចង់បានរូបគេខ្លាំងដែរ។ នេះបើយោងតាមការឱ្យដឹងពីសារព័ត៌មាន The Sun។
នៅកីឡដ្ឋាន Anfield បច្ចុប្បន្ន កំផែងការពារដ៏រឹងមាំវ័យ២៨ឆ្នាំ រកបានតែ ១៨០,០០០ ផោនប៉ុណ្ណោះក្នុងមួយសប្ដាហ៍ ប៉ុន្តែគេអាចរកបន្ថែមបាន ១០០,០០០ ផោនទៀត បើគេទៅចូលរួមក្រុមលោក Thomas Tuchel របស់ PSG។
កើនឡើង ៤០,០០០ ផោននេះ អាចធ្វើឱ្យអតីតខ្សែការពារក្លឹប Southampton សប្បាយចិត្ត ចំណែកមិត្តរួមក្រុម និងតារាឆ្នើម Mohamed Salah មានតម្លៃពលកម្មតែ ២០០,០០០ ផោនក្នុងមួយសប្ដាហ៍នាពេលបច្ចុប្បន្ន។
Van Dijk បានចេញពី Southampton មក Liverpool ក្នុងតម្លៃខ្លួន ៧៥ លានផោន ជាតម្លៃបំបែកកំណត់ត្រារបស់ខ្សែការពារអំឡុងឆ្នាំ២០១៨៕