ប៉ះ​ក្រុម​ខ្លាំង Sevilla មែន​តែ Betis ស៊ុត​​​​បានច្រើន​ជើង និង​គ្រប់គ្រង​បាល់​​ច្រើន​ជាង

0
571

ទោះបី​បច្ចុប្បន្ន​ក្រុម Real Betis ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១២ នៅ La Liga ប៉ុន្តែ​​ប្រកួត​​ជាមួយ​ក្រុម​លេខ​៣ Sevilla កាលពីយប់​មិញ​​ ពួកគេ​ធ្វើ​បាន​ល្អ​គួរសម​ដែរ ដោយ​ស៊ុត​បាន​១២​ជើងចាញ់ Sevilla តែ​១​ជើង​ប៉ុណ្ណោះ ចំណែក​សាច់​បាល់​វិញ​ពួកគេ គ្រប់គ្រង​បាន​រហូត​ដល់​ទៅ ៥៤​%។

តែ​យ៉ាងណា​សាច់​បាល់​ស៊ុត១២​ជើង​របស់ Real Betis គឺត្រូវ​គោលដៅ​តែ​១​ជើង​ប៉ុណ្ណោះ ចំណែក Sevilla ត្រូវ​គោលដៅ​៥​ជើង។ ចំណែក​បាល់​ជ្រុង​ Real Betis មាន​ឱកាស​តែ​២ដង​ប៉ុណ្ណោះ រីឯ​គូ​ប្រជែង​មាន​រហូត​ដល់​១១​លើក។

បើ​និយាយ​ពី​កំហុស​វិញ​ក្រុម​ម្ចាស់ផ្ទះ Sevilla មាន​តែ​១៣ ខណៈ​ក្រុម​ភ្ញៀវ​មាន​ដល់​១៦​ករណី ក្នុង​នោះ​កីឡាករ​ទទួល​បាន​កាត​លឿង​២​នាក់។

ចប់​ការប្រកួត​ក្រុម​ម្ចាស់​ផ្ទះឈ្នះ​ក្រុម​ភ្ញៀវ Real Betis ២-០ រក​បាន​ដោយ​កីឡាករ Ocampos បាល់​ពិន័យ១១ម៉ែត្រ​នៅ​នាទី ៥៦ និង Fernando នៅ​នាទី ៦២ ក្រោយ​ទទួល​បាន Assist យ៉ាងស្អាត​ពី Ocampos។

គួរបញ្ជាក់ថា Real Betis និង Sevilla គឺជាគូរបើកឆាក​ La Liga បន្ទាប់ពីក្របខ័ណ្ឌលីគកំពូលអេស្ប៉ាញ ត្រូវបានផ្អាកជាបណ្ដោះអាសន្នចាប់តាំងពីខែមីនា ឆ្នាំ២០២០មក៕