Zidane គ្រោងបញ្ចេញកីឡាករទ្រង់ទ្រាយធំ ក្រោយរដូវកាលនេះបញ្ចប់ ក្នុងនោះមាន Super Star ២រូប

0
684

អ្នកចាត់ការទូទៅក្លឹបស្តេចស Real Madrid លោក Zinedine Zidane បានត្រៀមខ្លួនរួចរាល់ក្នុងការកែប្រែក្រុមរបស់គាត់ជាថ្មី ដោយត្រៀមលក់កីឡាករឈុតធំមួយចំនួន ក្នុងនោះ ក្លឹបយក្សនៅអេស្ប៉ាញមួយនេះ នឹងលក់តារាល្បីលំដាប់ពិភពលោករបស់ខ្លួន ២រូប រួមមាន កីឡាករខ្សែប្រយុទ្ធជម្រើសជាតិវែល Gareth Bale និងប្រធានក្រុមជម្រើសជាតិកូឡុំប៊ី James Rodriguez ផងដែរ។

សារព័ត៌មាន AS បានឱ្យដឹងទៀតថា លោកតា Florentino Perez ប្រធានក្លឹប Real Madrid សង្ឃឹមថានឹងទទួលបានប្រាក់បន្ថែមពីការលក់កីឡាករបច្ចុប្បន្នរបស់ខ្លួននៅទីផ្សារដោះដូរកីឡាករនាពេលខាងមុខនេះ ខណៈដែលក្លឹបគ្រោងនឹងដាក់កីឡាករបន្ថែមក្នុងបញ្ជីលក់ចេញ រួមមាន៖ ខ្សែប្រយុទ្ធស្លាប Lucas Vazquez, ខ្សែប្រយុទ្ធ Mariano Diaz, ខ្សែការពារ Alvaro Odriozola និងខ្សែការពារលេងបានគ្រប់តំបន់ Nacho Fernandez។

Real Madrid អាចនឹងទទួលបាន ១២១លានផោន ពីការលក់កីឡាករទាំង ៦រូបនេះ ខណៈគេហទំព័រជំនាញបានប៉ាន់ស្មានថា ៦៤លានផោននឹងទទួលបានពីការលក់ Bale និង James, ៣២លានផោននឹងទទួលបានពី Lucas និង Odriozola ចំណែកឯ ១៣លានផោននឹងទទួលបានពីតម្លៃខ្លួនរបស់ Mariano ខណៈ ១២​លានផោនទៀតបានពី Nacho។ ជាមួយគ្នានោះដែរ Real Madrid នឹងអាចសល់ប្រាក់ឈ្នួលប្រចាំឆ្នាំរបស់ពួកគេ ប្រមាណ ៧៥លានផោនបន្ថែមទៀតពីការលក់កីឡាករទាំង៦រូបនេះ៕