Higuain ទំនងនឹងចាកចេញ បើ Juventus យកបានខ្សែប្រយុទ្ធលំដាប់ A ម្នាក់នេះ

0
568

ក្លិបសេះបង្កង់ Juventus ចង់បានកីឡាករ Mauro Icardi មកកាន់ទីក្រុង Turin ដោយពួកគេត្រូវបានរាយការណ៍មកថា កំពុងតែរៀបចំសំណើដើម្បីនាំយកខ្សែប្រយុទ្ធរបស់ Inter Milan មករួមរស់ជាមួយក្រុមខ្លួន។

ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Icardi បច្ចុប្បន្នកំពុងលេងឲ្យក្លិបអ្នកមានបារាំង Paris Saint-Germain ក្រោមកិច្ចសន្យានៃការខ្ចីជើង ខណៈតម្លៃនៃការទិញផ្ដាច់កុងត្រារបស់គេពីក្រុមលោក Antonio Conte គឺប្រមាណជា៧០លានអឺរ៉ូ។

Mauro Icardi

បើតាមសារព័ត៌មាន La Gazzetta Dello Sport កីឡាករខ្សែប្រយុទ្ធ Gonzalo Higuain អាចនឹងចាកចេញពីកីឡដ្ឋាន Allainz បើសិនជា លោក Maurizio Sarri អ្នកចាត់ការទូទៅរបស់ Juventus នាំយក Icardi បានសម្រេច។

ជុំវិញការចង់បាន Icardi ក្លិបជើងឯកអ៊ីតាលីរដូវកាលមុន ត្រូវបានគេដឹងថាមិនចង់ចំណាយប្រាក់ទាំងដុលនោះទេ ដោយមានគម្រោងក្នុងការដាក់កីឡាករមួយចំនួនជាថ្នូរនឹងការដោះដូរ។ កីឡាករដែល Juventus អាចនឹងប្រើក្នុងការដោះដូររួមមាន ខ្សែបម្រើ Miralem Pjanic និងខ្សែការពារស្ដាំ Alex Sandro។

គួរឲ្យដឹងដែរថា នៅរដូវកាលនេះ​Icardi បង្ហាញខ្លួនឲ្យ PSG បាន៣១ប្រកួតគិតគ្រប់ព្រឹត្តិការណ៍ទាំងអស់ ដោយរកបានគ្រាប់បាល់២០គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច៤លើក ក្នុងនាមជាខ្សែប្រយុទ្ធកណ្ដាល៕