Solskjaer សប្បាយចិត្តដែល Man UTD មិនជះលុយ ទិញHarry Kane

0
730

លោក Ole Gunnar Solskjaer ត្រូវបានរាយការណ៍មកថា មានការសប្បាយចិត្តដែលក្លិបបិសាចក្រហម Manchester United បញ្ចប់ការចាប់អារម្មណ៍ក្នុងការនាំចូលខ្សែប្រយុទ្ធជួរមុខរបស់ Tottenham Hotspur កីឡាករ Harry Kane។

ទីផ្សារដោះដូរកីឡាករកៀកនឹងចូលមកដល់ មានដំណឹងលេចឭជាច្រើនមកថា Man UTD បានតាមប្រមាញ់ប្រធានក្រុមជម្រើសជាតិតោកំណាចអង់គ្លេស កីឡាករ Harry Kane ក្នុងតម្លៃខ្លួនប្រហាក់ប្រហែលជា ២០០លានផោន ឯណោះ។

យ៉ាងណាមិញ មានសេចក្ដីរាយការណ៍មកថា ថ្នាកដឹកនាំរបស់ក្លិបជើងឯកអង់គ្លេស២០សម័យកាល បានផ្លាស់ប្ដូរចិត្តចំពោះខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ ដោយសារតែបញ្ហាវិបត្តិហរិញ្ញវត្ថុ កំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។

បើតាមសារព័ត៌មាន The Sun អ្នកចាត់ការទូទៅរបស់ Man UTD លោក Ole Gunnar Solskjaer បានគាំទ្រទាំងស្រុងចំពោះគំនិតខាងលើរបស់ថ្នាក់ដឹកនាំក្លិប ដោយលោកមាន Marcus Rashford ទុករ៉ាប់រងនូវតំបន់ប្រយុទ្ធហើយ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា បុរសសញ្ជាតិន័រវេសមានការពេញចិត្តយ៉ាងខ្លាំងចំពោះទម្រង់នៃការលេង និងការបញ្ចប់ទីរបស់យុវជនដែលកើតចេញពីការបណ្ដុះបណ្ដាលរបស់ Man UTD ម្នាក់នេះ។

 

គួរឲ្យដឹងដែរថា​ នៅរដូវកាលនេះ Rashford ចូលលេងឲ្យ Man UTD បាន៣១ប្រកួតគិតគ្រប់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេរកគ្រាប់បាល់បាន១៩គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរូមក្រុមបញ្ចប់ទីបានសម្រេច៥លើក៕