Barca និង PSG ចាប់អារម្មណ៍ទៅលើ Dalot កីឡាករ Man UTD តម្លៃ ៣៥លានអឺរ៉ូ

0
1816

ខ្សែការពារស្លាបស្ដាំរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Diogo Dalot បានក្លាយជាប្រធានបទក្ដៅសម្រាប់ទីផ្សាដោះដូររដូវក្ដៅខាងមុខ ខណៈក្លិយក្សអេស្ប៉ាញ Barcelona បានបង្ហាញការចាប់អារម្មណ៍ទៅលើជម្រើសជាតិព័រទុយហ្កាល់រូបនេះ។

យោងតាមការចុះផ្សាយរបស់កាសែត Diario Sport ក្លិបជើងឯក La Liga ២៦សម័យ កំពុងសម្លឹងមិនដាក់ភ្នែក ទៅលើ Dalot ដោយដាក់គោលដៅយករូបគេ មកពង្រឹងតំបន់ការពារស្លាបស្ដាំនៅរដូវកាលក្រោយ។

ទន្ទឹមនឹងនេះ ក្លិបយក្សបារាំង Paris Saint-Germain ក៏ចាប់ចិត្តទៅលើអតីតខ្សែការពារក្រុម Porto ផងដែរ ខណៈអាណាព្យាបាលរបស់​ Dalot ក្លិប Man UTD បានទាមទារយ៉ាងហោច ៣៥លានអឺរ៉ូ (ឬប្រមាណ ៣៧លានដុល្លារ) សម្រាប់តម្លៃខ្លួន របស់កីឡាករវ័យ២១ឆ្នាំរូបនេះ ។

Dalot បានធ្លាក់មកត្រឹមខ្សែការពារស្លាបលំដាប់ទី២ប៉ុណ្ណោះ ក្នុងក្រុមលោក Ole Gunnar Solskjaer បន្ទាប់ពីតំណែងជម្រើសដំបូង ត្រូវបានគ្រូបង្វឹកសញ្ជាតិន័រវែស ផ្ដល់ការទុកចិត្តទៅលើកីឡាករចំណូលថ្មី Aaron Wan-Bissaka។

ជាក់ស្ដែង ក្នុងរដូវកាលនេះ Dalot ទើបបង្ហាញខ្លួនបាន១០ប្រកួតប៉ុណ្ណោះ ឲ្យក្រុមបិសាចក្រហម គិតរាល់ព្រឹត្តិការណ៍ទាំងអស់។ ហើយបើយោងតាមរបាយការណ៍កាលពីពេលថ្មីៗ កន្លងទៅ Man UTD នឹងបញ្ចេញរូបគេ នៅពេលទទួលបានសំណើសមរម្យណាមួយ៕