ក្រុមម្ចាស់ផ្ទះ Borussia Dortmund បានរបូតអស់៣ពិន្ទុ សម្រាប់ការប្រកួត ក្របខណ្ឌ Bundesliga សប្ដាហ៍ទី២៨ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ Bayern Munich ក្នុងលទ្ធផល១ទល់នឹង០ នៅកីឡដ្ឋាន Signal Iduna Park កាលពីរាត្រីថ្ងៃអង្គារម្សិលមិញ។
ទន្ទឹមនឹងនេះ ១គ្រាប់ដ៏មានសារៈសំខាន់របស់ Bayern រកបានតាមរយៈខ្សែបម្រើការពារសញ្ជាតិអាល្លឺម៉ង់ កីឡាករ Joshua Kimmich នៅនាទី៤៣។
យ៉ាងណាមិញ បើមើលទៅលើស្ថិតិក្នុងការប្រកួត ក្រុម Dortmund ក៏ព្យាយាមសម្រុកដាក់គំនាបមកលើក្រុមភ្ញៀវដែរ ប៉ុន្តែហាក់មិនមានសំណាង តួយ៉ាងពួកគេស៊ុតបាន១០ជើង ចំគោលដៅ៥ដង ចំណែកឯ Bayern ស៊ុតបាន៩ជើង ចំគោលដៅ៦ដង។
ជាមួយគ្នានេះ តាមរយៈលទ្ធផលខាងលើ បានជួយក្រុម Bayern រក្សាតំណែងកំពូលតារាង ដោយ២៨ប្រកួត កន្លងទៅរកបាន៦៤ពិន្ទុ ខណៈក្រុម Dortmund បន្តឈរលេខ២ មាន៥៧ពិន្ទុក្នុងដៃ។
គួរឲ្យដឹងដែរថា ក្នុងការប្រកួតដ៏ជក់ចិត្តកាលពីម្សិលមិញ គឺជាការបង្ហាញខ្លួនលើកទី៤០០ហើយ សម្រាប់អ្នកចាំទីដៃស្អិតរបស់ក្រុម Bayern Munich កីឡាករ Manuel Neuer ក្នុងក្របខណ្ឌ Bundesliga ដោយជាប់ឈ្មោះជាកីឡាករដែលចូលលេងបានច្រើនប្រកួតជាងគេ ប្រចាំលីគកំពូលអាល្លឺម៉ង់៕