Liverpool ត្រៀមផ្ដល់កិច្ចសន្យា៣ឆ្នាំ ឲ្យខ្សែប្រយុទ្ធឆ្នើមម្នាក់នេះ

0
615

Liverpool ត្រូវបានរាយការណ៍មកថា បានរួចរាល់ក្នុងការដាក់សំណើនាំយកខ្សែប្រយុទ្ធរបស់ Napoli កីឡាករ Dries Mertens ដោយគ្រោងនឹងផ្ដល់កិច្ចសន្យារយៈពេល៣ឆ្នាំនៅកីឡដ្ឋាន Anfield ទៅឲ្យជម្រើសជាតិប៊ែលហ្សិកម្នាក់នេះ។

Mertens នឹងផុតសុពលភាពនៃកុងត្រារបស់គេជាមួយ Napoli នៅខែមិថុនាខាងមុខ ហើយគេក៏ស្ថិតនៅក្នុងរ៉ាដារបស់បណ្ដាក្លិបជាច្រើននៅក្នុងតំបន់អឺរ៉ុប។

អ្នកចាត់ការទូទៅ Chelsea លោក Frank Lampard ក៏ជាបេក្ខភាពដែលចង់បាន Mertens ខណៈ Newcastle United, Roma និង Manchester United សុទ្ធតែមានចិត្តមកលើខ្សែប្រយុទ្ធចាស់វស្សាម្នាក់នេះ។

យ៉ាងណាមិញ បើតាម TuttoMercatoWeb ក្លិបហង្សក្រហម Liverpool បានចូលខ្លួនមកប្រជែងជាមួយបណ្ដាក្លិបខាងលើ ដោយគ្រោងនឹងផ្ដល់ជូនកិច្ចសន្យារយៈពេល៣ឆ្នាំ ឲ្យទៅអតីតកីឡាកររបស់ PSV។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា លោក Jurgen Klopp មានបំណងចង់នាំកីឡាករមកពង្រឹងនៅតំបន់ប្រយុទ្ធរបស់ក្រុមនៅរដូវកាលក្រោយ ស្របពេលដែលអនាគតរបស់ Xherden Shqiri និង Divock Origi កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ជាមួយក្លិប។

គួរឲ្យដឹងដែរថា Mertens រកបានគ្រាប់បាល់សរុប១២១គ្រាប់ ពីការបង្ហាញខ្លួន៣០៩ប្រកួតឲ្យ Napoli ក្នុងនោះរដូវកាលនេះ គេក៏រកបាន១២គ្រាប់ដែរ ពីការចូលលេង២៩ប្រកួត៕