ខ្សែបម្រើរបស់ក្លិបមេឃខៀវ Manchester City កីឡាករ Riyad Mahrez បានបាត់នាឡិកាដៃទំនើប ៣ គ្រឿង ដែលមានតម្លៃជាង ៣០ ម៉ឺនផោន (៣៧ ម៉ឺនដុល្លារ) ពេលមានចោរចូលផ្ទះរបស់គេ។ នេះបើតាមសារព័ត៌មាន នៅចក្រភពអង់គ្លេស ធ្វើសេចក្ដីរាយការណ៍ឲ្យដឹងកាលពីថ្ងៃអាទិត្យ។
ទ្រព្យសម្បត្តិមានតម្លៃប្រហែលជិត ៦០ ម៉ឺនដុល្លារ ដែលរួមទាំងខ្សែដៃ Cartier និងអាវបាល់ទាត់ពិសេស ដែលមានតម្លៃរហូតដល់ទៅជិត ១៦ ម៉ឺនដុល្លារ ត្រូវបានគេលួចយកទៅបាត់ពីកីឡាករអន្តរជាតិអាល់ហ្សេរីរូបនេះ។
នាឡិកាដៃទាំង ៣ គ្រឿងនោះ ត្រូវបានគេរាយការណ៍ថា មួយគ្រឿងម៉ាក Richard Mille តម្លៃជិត ២៤ ម៉ឺនដុល្លារ ខណៈមួយទៀតម៉ាក Rolex Daytona តម្លៃជិត ៤១ ម៉ឺនដុល្លារ និងមួយទៀត មានតម្លៃជិត ៣៦ ម៉ឺនដុល្លារ ជានាឡិកាម៉ាក Rolex Day Date។
កីឡាករ Mahrez វ័យ ២៩ ឆ្នាំ ត្រូវបានគេប្រាប់ថា អត់នៅផ្ទះទេ ពេលពួកជនខិលខូចទាំងហ្នឹង បានប្រើសោរបន្លំចូលផ្ទះរបស់គេ និងកន្លែងស្នាក់នៅរបស់កីឡាករ ៣ នាក់ផ្សេងទៀត នៅអាគាររបស់ក្លិប Manchester city កាលពីថ្ងៃទី២៤ ខែមេសា។
កាសែត The Sun បានស្រង់ពាក្យពេចន៍ក្នុងសំបុត្រមួយ ផ្ញើទៅកាន់អ្នករស់នៅកន្លែងកើតហេតុ ដែលសរសេរថា៖ «ផ្ទះ ៤ ល្វែងត្រូវបានគេលួចចូល ដោយប្រើសោក្លែងក្លាយ ដែលអាចចូលទៅគ្រប់ច្រកល្ហកនៃអាគារ។ សោក្លែងក្លាយនោះ ពេលនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់យើង ហើយនឹងមិនអាចប្រើប្រាស់ម្ដងទៀតឡើយ»។
ស្របពេលកំពុងមានព័ត៌មានជាបន្តបន្ទាប់ពីគម្រោងនៃការចាប់ផ្ដើមសកម្មភាពឡើងវិញ សម្រាប់ក្របខ័ណ្ឌ Premier League អំពើចោរកម្មចំពោះកីឡាករ ក៏មានជាហូរហែដែរ ដោយកាលបីដើមខែនេះ ខ្សែបម្រើរបស់ក្រុម Tottenham គឺកីឡាករ Dele Alli ក៏ត្រូវបានចោរប្រើកាំបិតប្លន់យកទ្រព្យសម្បិត្តិអស់មួយចំនួនដែរ ក្នុងនោះកីឡាករអន្តរជាតិអង់គ្លេស ក៏មានរងរបួសតិចតួច ដោយសារបានប្រតាយប្រតប់ជាមួយចោរ៕