Torino ប៉ះ Parma ជាគូ​បើក​ឆាក​នៃ​ការ​ត្រឡប់​មក​វិញ​របស់ Serie A

0
945

​សកម្មភាព​នៅ​ក្របខ័ណ្ឌ Serie A នឹង​ចាប់​ផ្ដើម​​មាន​ឡើង​វិញ នៅ​ថ្ងៃ​ទី ​២០ ខែ​មិថុនា ក្រោយ​អវត្តមាន​ទាំង​បង្ខំ​ ៣ ​ខែ ដោយសារ​ការ​រាត​ត្បាត​​​នៃ​វីរុស​កូរ៉ូណា ហើយ​តាម​ការ​អះអាង​​ពី​អ្នក​គ្រប់គ្រង​លីក​កំពូល​របស់​ប្រទេស​អ៊ីតាលី ​មួយ​នេះ កាល​ពី​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹង​ថា​ ក្រុម Torino ​ត្រូវ​បើក​ទ្វារ​ផ្ទះ​ស្វាគមន៍​ក្រុម​ Parma ក្នុង​ការ​ប្រកួត​បើក​ឆាក​នេះ​។​

ក្របខ័ណ្ឌ​កំពូល​នឹង​ចាប់​​ដំណើរការ​វិញ ជាមួយ​នឹង​គូ​ប្រកួត​ ដែល​ត្រូវ​លុប​ចោល​ពេល​វិស័យ​កីឡា​របស់​អ៊ីតាលី​ត្រូវ​ផ្អាក​នៅ​ថ្ងៃទី ​៩ ខែ​មីនា ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​កូវីដ ​១៩ ហើយ​សម្រាប់​ការ​ប្រកួត​ដំបូង​គេ នឹង​កើត​ឡើង​រវាង​ក្រុម​ម្ចាស់​ផ្ទះ​មាន​ចំណាត់​ថ្នាក់​លេខ ​១៥ ​ Torino និង​ក្រុម Parma នៅ​លេខ ​៩ នា​ថ្ងៃ​ទី ​២០ ខែ​នេះ មុន​ពេល​ការ​ប៉ះគ្នា​រវាង​ក្រុម Hellas Verona (លេខ ​៨) និង​ Cagliari (លេខ ​១២)​។​

ថ្ងៃ​បន្ទាប់​ក្រុម​លេខ ​៤ Atalanta នឹង​ទទួល​ក្រុម​​កណ្ដាល​​តារាង Sassuolo ខណៈ​ក្រុម​ Inter Milan ដែល​ឈរ​នៅ​លេខ ​៣ នឹង​ប្រកួត​ជាមួយ​ក្រុម​ក្បែរ​តំបន់​គ្រោះ​ថ្នាក់​ Sampdoria​។ ក្រុម​ដែល​ភាគ​ច្រើន​សល់​ការ​​ប្រកួត ១២ ​សប្ដាហ៍​​ទៀត នឹង​ត្រូវ​ប្រកួត​យ៉ាង​មមាញឹក ដោយ​ត្រូវ​​លេង​តែ ​៤៣ ​ថ្ងៃ ​ពី​ថ្ងៃ​ទី ​២០ ខែ​មិថុនា ដល់​ថ្ងៃ​ទី ​២ ខែ​សីហា​។​

ក្រុម​ជើងឯក​ចាស់​ Juventus ដែល​កំពុង​ព្យាយាម​​ឈ្នះ​ពាន​​លីក​កំពូល​នេះ ៩ ​រដូវកាល​ជាប់ៗ​គ្នា​នឹង​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម Bologna ខណៈ​​​បច្ចុប្បន្ន ក្រោយ​​បញ្ចប់​ទៅ ​២៧ ​សប្ដាហ៍ ក្រុម​​របស់​លោក Maurizio Sarri កំពុង​ឈរ​កំពូល​​តារាង​ ដោយ​នាំ​មុខ​ ១ ​ពិន្ទុ​​ លើ​ក្រុម​លេខ ​២ ​ Lazio ដែល​ត្រូវ​ប៉ះ​ជា​មួយ​ក្រុម Atalanta។

ដោយ​ឡែក​កាល​បរិច្ឆេទ​នៃ​ពាន​​​រង្វាន់ ​១ ទៀត គឺ Italian Cup មិន​ទាន់​​បញ្ជាក់​នៅ​ឡើយ​ទេ គ្រាន់​តែ​​​រំពឹង​ថា នឹង​អាច​បញ្ចប់​មុន​ការ​ចាប់​ផ្ដើម​ឡើង​វិញ​របស់​​​​ Serie A ខណៈ​​ពាន​រង្វាន់​​នេះ បាន​ឈាន​ដល់​ការ​ប្រកួត​ជើង​ទី ​២ វគ្គ ​​៤ ​ក្រុម​ចុង​ក្រោយ​​ហើយ។ ​​ក្រុម Juventus ប៉ះ​ជាមួយ AC Milan (ជើង​ទី​១ ស្មើ​ ១-១) និង​ក្រុម​ Napoli ប្រកួត​ជាមួយ Inter Milan (ជើង​ទី​១ ​ Napoli ឈ្នះ ១-០)​ ហើយ​តាម​ការ​គ្រោង​ទុក​ វគ្គ​ផ្ដាច់​ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ​១៧ ខែ​មិថុនា។​

សម្រាប់​ការ​ចាប់​ផ្ដើម​ឡើង​វិញ​នេះ ភាគ​ច្រើន​ នឹង​ត្រូវ​លេង​នៅ​យប់​ម៉ោង ៧​:​៣០ និង​យប់​ម៉ោង ៩:៤៥ (ម៉ោង​ក្នុង​ស្រុក) ដោយសារ​ប្រទេស​អ៊ីតាលី ស្ថិត​ក្នុង​រដូវ​ក្ដៅ ហើយ​មាន​តែ ​១០ ​ការ​ប្រកួត​ប៉ុណ្ណោះ ដែល​គ្រោង​លេង​នៅ​ល្ងាច​ម៉ោង ​៥:១៥ ពោល​គឺ​​ក្រុម​នៅ​ភាគ​ខាង​ជើង​ប្រទេស​។

គ្រប់​ការ​ប្រកួត​ទាំង​អស់​នឹង​ត្រូវ​លេង​ដោយ​គ្មាន​​អ្នក​គាំទ្រ​ចូល​រួម​ទស្សនា ហើយ​គោរព​តាម​នីតិវិធី​សុខភាព​យ៉ាង​តឹងរ៉ឹង ដោយ​ក្រុម​ទាំង​មូល​ នឹង​ត្រូវ​ដាក់​នៅ​ជំរំ​ហ្វឹកហាត់ ​ដើម្បី​ព្យាបាល​រយៈពេល ​២ ​សប្ដាហ៍​ក្នុង​ករណី​មាន​លទ្ធផល​វិជ្ជមាន​ជំងឺ​កូវីដ ​១៩។ ប៉ុន្តែ ​​​លោក Gabriele Gravina ប្រធាន​សហព័ន្ធ​បាល់​ទាត់​អ៊ីតាលី​មាន​សង្ឃឹម​ថា អ្នក​គាំទ្រ​មួយ​ចំនួន​តូច​នឹង​អាច​ចូល​រួម​​ការ​​ប្រកួត​មុន​រដូវកាល​​​បញ្ចប់​។

លោក Gravina បាន​ថ្លែង​ថា​៖ «​និយាយ​ដោយ​ស្មោះ ខ្ញុំ​ប្រាថ្នា​ឲ្យ​មាន​អ្នក​គាំទ្រ​នៅ​ក្នុង​កីឡដ្ឋាន ​ទោះ​​ចំនួន​តិច​តួច​ក៏​ដោយ មុន​​រដូវកាល​បញ្ចប់​។​ ​ស្មាន​មិន​ដល់​ទាល់​​តែ​សោះ​​ថា កីឡដ្ឋាន​ដែល​មាន​​​ ៦​ ម៉ឺនកៅអី ​បែរ​ជា​គ្មាន​កន្លែង​​សម្រាប់​អ្នក-​គាំ​ទ្រ​ដ៏​តិច​តួច ដែល​​អាច​ចូលរួម​ការ​ប្រកួត​ជាមួយ​នឹង​វិធានការ​សុវត្ថិភាព ដែល​ចាំបាច់​ទាំង​អស់​»​៕