ខ្សែ​ប្រយុទ្ធ​កម្លាំង​ដូច​ម៉ាស៊ីន Werner នឹង​ធ្វើ​ឲ្យ​តោខៀវ មាន​តំបន់​ប្រយុទ្ធ​កាន់​តែ​ស្រួច

0
761

ពេល​កីឡាករ Timo Werner អះអាង​នូវ​ការ​ចាកចេញ​ដែល​ជិត​​កើត​ឡើង​​របស់់​ខ្លួន​ពី​ក្រុម​ RB Leipzig ទៅ​ក្រុម Chelsea ការ​លើក​ឡើង​យ៉ាង​នេះ​យ៉ាង​នោះ កើន​ឡើង​ជាង​រាល់​ដង​ចំពោះ​​ការ​និរទេស​ខ្លួន​ពី​ប្រទេស​កំណើត​​របស់​​ខ្សែ​ប្រយុទ្ធ​ ១ ​រូប​ ក្នុង​ចំណោម​ខ្សែ​ប្រយុទ្ធ​ដ៏​គួរ​ឲ្យ​ខ្លាច​របស់​អឺរ៉ុប​រូប​នេះ។

ក្រុម Chelsea ហ៊ាន​ផ្ដល់​ ៦០ ​លាន​អឺរ៉ូ ($៦៧ លាន​) សម្រាប់​តម្លៃ​ផ្ដាច់​កុងត្រា​របស់​កីឡាករ Werner ទោះ​មាន​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ការ​​​រាល​ដាល​​វីរុស​កូរ៉ូណា​ក៏​ដោយ ខណៈ​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់ មាន​ព័ត៌មាន​ជា​ហូរហែ​ជាមួយ​ក្រុម​ Liverpool ក្រោយ​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​​​​អ្នក​ចាត់​ការ Jurgen Klopp។

យ៉ាងណា​ក្រុម​ Liverpool ដោយ​​បារម្ភពី​ការ​ប៉ះពាល់​ផ្នែក​ហិរញ្ញ​វត្ថុ ទើប​ខ្លួន​មិន​​​ចង់​ចំណាយ​​​នូវ​ទឹក​ប្រាក់​មហាសាល​​​ទិញ Werner ​ឡើយ​។ តែ​ក្រុម Chelsea ដែល​​​ត្រៀម​បន្ថែម​អាវុធ​ខ្លះ​ដល់​តំបន់​ប្រយុទ្ធ​របស់​លោក Frank Lampard បាន​សម្លឹង​​​​​ឱកាស​​ទិញ​​​ខ្សែ​ប្រយុទ្ធ​​លំដាប់​អន្តរជាតិ​​រូប​នេះ​។

Werner វ័យ ២៤ ​ឆ្នាំ រក​បាន ​៣១ ​​គ្រាប់​ហើយ នៅ​គ្រប់​កម្មវិធី​ប្រកួត​ទាំង​អស់​រដូវ​កាល​នេះ ​រួម​ទាំង ៤ ​គ្រាប់​ក្នុង​ការ​ប្រកួត ​៥ ​លើក​នៅ Bundesliga ដែល​​ចាប់​​ផ្ដើម​ឡើង​វិញ​នា​ខែ​មុន​​ ហើយ​​ការ​ស៊ុត​បញ្ចូល​​​ទី​​មិន​សូវ​ដាច់​នេះ ​Werner ដែល​​មាន​​​រហស្សនាម​ថា «Turbo Timo» (កម្លាំង​ម៉ាស៊ីន Timo) បាន​បង្ហាញ​​ថា រូប​គេ​អាច​ទៅ​បង្ក​បញ្ហា​​ឲ្យ​ខ្សែ​ការពារ​របស់​ក្រុម​នៅ​ក្របខ័ណ្ឌ Premier League របស់​អង់គ្លេស​​។

លោក Michael Ballack ដឹង​​​ច្បាស់​ពី​អ្វី ដែល​​ធ្វើ​ឲ្យ​លេច​ធ្លោ​នៅ​ Premier League បន្ទាប់​ពី​លោក​សម្រេច​ចេញ​ពី​អាល្លឺម៉ង់​មក​​អង់គ្លេស ហើយ​អតីត​ខ្សែ​បម្រើ​របស់​ក្រុម Chelsea និង​ Bayern​ រូប​នេះ​ជឿ​​ថា ​​​មិត្ត​រួម​ជាតិ​របស់​ខ្លួន​ Werner នឹង​អាច​មាន​សមត្ថភាព​ក្នុង​ការ​សម្រប​ខ្លួន​ជាមួយ​បាល់​ទាត់​នៅ​អង់គ្លេស​បាន​ដូច​គ្នា​។

 

លោក Ballack ​ថា​៖ «​វាជា​ការ​​សម្រេច​​ដ៏​ប្រសើរ​សម្រាប់​ភាគី​ទាំង​ ២។ សម្រាប់ Werner ​គេ​ស័ក្ដិសម​នៅ​ទី​នោះ ​ព្រោះ​របៀប​​លេង​របស់​ក្រុម Chelsea សម​នឹង​រូប​គេ​។ គេ​​​មាន​សម្ទុះ​លឿន​ និង​រាងកាយ​រឹងមាំ​។ គេ​នឹង​ស៊ាំ​ជាមួយ​ក្រុម​យ៉ាង​ឆាប់​បំផុត​»​៕