Lionel Messi នឹងបន្តនៅជាមួយ​ Barca រហូតដល់ឆ្នាំ​២០២៣

0
733

យោងតាមប្រភពព័ត៌មានក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថា ក្លិបអ្នកបុណ្យ Barcelona កំពុងត្រៀមកុងត្រាថ្មីឲ្យខ្សែប្រយុទ្ធ Lionel Messi ដើម្បីចងជើងតារាឆ្នើមរូបនេះ នៅជាមួយក្លិបរហូតដល់រូបគេ មានអាយុ៣៦ឆ្នាំ។

កុងត្រាបច្ចុប្បន្នរបស់ Messi នៅមានសុពលភាពត្រឹម១២ខែទៀតប៉ុណ្ណោះ ពោលគឺផុតកំណត់ត្រឹមដំណាច់ខែមិថុនា ឆ្នាំក្រោយ ដូច្នេះមានន័យថារូបគេ នឹងអាចចរចាជាមួយក្លិបផ្សេងនៅទីផ្សារដោះដូរខែមករា ឆ្នាំ២០២១ ប្រសិនបើ Barcelona មិនអាចផ្ដល់កុងត្រាថ្មីឲ្យទាន់ពេលវេលា។

យ៉ាងណាមិញ​បើយោងតាមការចុះផ្សាយរបស់កាសែត Mundo Deportivo ក្លិបយក្សតំបន់កាតាឡាន់ មិនព្រងើយកន្តើយ ប្រលែងឲ្យ Messi ធ្លាក់ទៅលើដៃក្រុមផ្សេងបានយ៉ាងងាយនោះទេ ដោយពួកគេ បានត្រៀមរួចរាល់ក្នុងការបន្តកិច្ចសន្យាថ្មីរយៈពេល៣ឆ្នាំទៀត ឲ្យម្ចាស់អាវលេខ១០រូបនេះ។

ប្រភពដដែលបានបន្ថែមទៀតថា ក្លិប Barca កំពុងរង់ចាំឪពុករបស់ Messi ត្រឡប់មកពីអាហ្សង់ទីនវិញ ក៏ដូចជាចង់រង់ចាំឲ្យផុតភារកិច្ចក្នុងការប្រកួតក្របខណ្ឌ​ La Liga និង Champions League រួចស្រេចសិន ទើបធ្វើការចរចាគ្នា ទាក់ទងនឹងរឿងកុងត្រាថ្មីនេះ។

គួររម្លឹកផងដែរថា Messi ត្រូវបាន Barca ថ្ពក់ចេញពីថ្នាលយុវជន ដំឡើងឲ្យមកលេងក្រុមឈុតធំ តាំងពីឆ្នាំ២០០៥មកម្ល៉េះ។ គិតមកទល់ពេលនេះ គេបង្ហាញខ្លួនឲ្យក្លិបយក្សអេស្ប៉ាញ សរុបបាន៧២០ប្រកួត ក្នុងនោះ គេស៊ុតបញ្ចូលទីបាន៦២៩គ្រាប់។

មិនត្រឹមតែប៉ុណ្ណោះ គេក៏បានរួមចំណែកជួយក្រុម ឈ្នះពាន La Liga បាន១០ដង និងពាន Champions League ចំនួន៤ដង៕