Karim Benzema បានក្លាយជាអ្នករកគ្រាប់បាល់ឲ្យ Real Madrid ច្រើនជាងគេលំដាប់ទី៥ ក្រោយស៊ុតបញ្ចូលទី២គ្រាប់ក្នុងជ័យជម្នះលើក្រុម Valencia ក្នុងលទ្ធផល ៣-០ នាការប្រកួតក្របខណ្ឌ La Liga នៅយប់ថ្ងៃទី១៨ ខែមិថុនា។ Real តាមពីក្រោយក្រុមកំពូលតារាង Barcelona ចំនួន២ពិន្ទុ។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ ៣២ ឆ្នាំរកបាន ២៤៣ គ្រាប់ហើយពីគ្រប់ការប្រកួតទាំងអស់សម្រាប់ក្រុមអធិរាជស ដោយនាំមុខមួយគ្រាប់លើអតីតខ្សែប្រយុទ្ធឆ្នើម Ferenc Puskas ដែលរកគ្រាប់ឲ្យ Real បាន២៤២គ្រាប់។
ក្នុងជំនួបនៅទីលានហ្វឹកហាត់ Alfredo Di Stefano របស់ Real ខ្សែបម្រើ Eden Hazard ជាអ្នកបញ្ជូនបាល់ឲ្យ Benzema ដើម្បីសម្រេចទីគ្រាប់ទីមួយលើក្រុម Valencia នៅនាទី៦១ នៃវគ្គទី២ បន្ទាប់ពីបញ្ចប់វគ្គទី១ដោយលទ្ធផល ០-០។ Marco Asensio ដែលទើបប្តូរចូល បានរកគ្រាប់បាល់ភ្លាមៗតែម្តងនៅនាទី៧៤ ដើម្បីជួយក្រុមម្ចាស់ផ្ទះនាំមុខ ២-០។
គ្រាប់បាល់ទីពីររបស់ Benzema និងជាគ្រាប់ទី៣សម្រាប់ Real គឺជាការប្រើជំនាញដ៏អស្ចារ្យ ដែលធ្វើឲ្យអ្នកចាត់ការទូទៅលោក Zinedine Zidane មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ Benzema បានទប់បាល់រំលងខ្សែការពាររបស់ Valencia តាមរយៈការបញ្ជូនពី Asensio រួចទាត់វូឡេ (Volley) យកតែម្តង។
គិតមកត្រឹមពេលនេះ កីឡាករដែលស៊ុតបញ្ចូលទីឲ្យក្រុមយក្សអេស្ប៉ាញច្រើនជាងគេ គឺ Cristiano Ronaldo (៤៥០គ្រាប់), Raúl González (៣២៣), Alfredo Di Stefano (៣០៨), Santillana (២៩០), Karim Benzema (២៤៣) និង Ferenc Puskas (២៤២)។
ជ័យជម្នះ ៣-០ លើក្រុម Valencia នេះបានជួយឲ្យ Real កើនដល់៦២ពិន្ទុ ពីការប្រកួត២៩លើក តាមពីក្រោយគូប្រជែង Barcelona ដែលឈរកំពូលតារាងលីគកំពូលអេស្ប៉ាញចំនួន ២ពិន្ទុ៕