Napoli ឈ្នះ Juventus ដោយ​បាល់​ប៉េណាល់​ទី​កាត់​ក្ដី​គ្រង​ពាន​រង្វាន់ Coppa Italia

0
602

ក្រុម​ខៀវ​ Napoli បាន​យក​ជ័យជម្នះ​លើ​ក្រុម​សេះ​បង្កង់ Juventus (Juve) ក្នុង​វគ្គ​បាល់​​ប៉េណាល់​ទី​កាត់​សេច​ក្ដី ៤-២ លើក​ពាន Coppa Italia កាល​ពី​យប់​ថ្ងៃ​ពុធ ក្រោយ​ក្រុម​ទាំង ​២ បញ្ចប់​លទ្ធផល​​ស្មើ​គ្នា ០-០ ក្នុង​ម៉ោង​ធម្មតា អំឡុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ ដែល​ធ្វើ​ឡើង​​ដោយ​បិទ​ទ្វារ​កីឡដ្ឋាន។​

នេះ​ជា​ពាន​រង្វាន់​ទី១​ សម្រាប់​​វិស័យ​បាល់​ទាត់​ប្រទេស​អ៊ីតាលី រដូវកាល​នេះ ដែល​ទើប​តែ​បាន​ចាប់​ផ្ដើម​ឡើង​វិញ ក្រោយ​ផ្អាក​ដល់​ទៅ ៣ ​ខែ ដោយសារ​តែ​វិបត្តិ​វីរុស​កូរ៉ូណា ហើយ​ក្រុម Juve ដែល​របូត​ពាន​រង្វាន់​នេះ ចាំបាច់​ត្រូវ​ទៅ​ស្ដារ​មុខ​មាត់​របស់​ខ្លួន​នៅ​លីក​លំដាប់​ទី​១ គឺ​ក្របខ័ណ្ឌ Serie A ដែល​មាន​គម្រោង​​ដំណើរការ​ប្រកួត​ប្រជែង​របស់​ខ្លួន​វិញ​នៅ​ចុង​សប្ដាហ៍​នេះ។​

ការ​ស៊ុត​បាល់​មិន​​សម្រេច ២ ​គ្រាប់​ដំបូង​នៃ​ខ្សែ​ប្រយុទ្ធ Paulo Dybala និង​ខ្សែ​ការពារ Danilo ​ធ្វើ​ឲ្យ​ក្រុម Juve បាត់​ឱកាស​​កាន់​តែ​ច្រើន​ក្នុង​ការ​ឈ្នះ​ពាន​នេះ ខណៈ​កីឡាករ​របស់​ក្រុម Napoli ស៊ុត​មិន​ភ្លាត់​ម្នាក់​ណា​ឡើយ រហូត​ជួយ​ឲ្យ​លោក​ Gennaro Gattuso ស្គាល់​រសជាតិ​ពាន​ទី ​១ របស់​ខ្លួន​ ក្នុង​នាម​ជា​គ្រូ​បង្វឹក​អាជីព។

ក្រោយ​ទទួល​បាន​ជ័យ​ជម្នះ​នេះ អតីត​កីឡាករ​ជយ​លាភី​ពេល​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ឈ្នះ​ World Cup ឆ្នាំ ​២០០៦ លោក Gattuso ដែល​ប្អូន​ស្រី​របស់​ខ្លួន​ទើប​ស្លាប់​ដោយសារ​ជំងឺ​ និយាយ​ថា​៖ «​ក្នុង​ឆាក​ជីវិត អ្នក​មិន​អាច​ទទួល​យក​រឿង​ខ្លះ​នោះ​ទេ តែ​កីឡា​បាល់​ទាត់​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​ច្រើន​ណាស់។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មាន​ការ​ទទួល​ខុស​ត្រូវ​ដ៏​អស្ចារ្យ។ ខ្ញុំ​ដឹង​ ខ្ញុំ​មិន​អាច​បញ្ឈប់​បាន​នោះ​ទេ ហើយ​ខ្ញុំមិន​ដែល​ធ្វើ​បាន​បែប​នេះ​ទេ​ក្នុង​អាជីព​របស់​ខ្ញុំ​»​។​

អតីត​កីឡាករ​ឆ្នើម​របស់​ក្រុម AC Milan វ័យ ​៤២ ​ឆ្នាំ ​បន្ត​ទៀត​ថា​៖ «ខ្ញុំ​បាន​ឃើញ​ក្រុម​មួយ ដែល​ចង់​ឈ្នះ​ការ​ប្រកួត​មែន​ទែន ហើយ​យើង​ស័ក្តិសម​ឈ្នះ​មែន​។ វា​ពិត​ជាមាន​ភាព​អច្ឆរិយៈ​នៃ​កីឡា​បាល់​ទាត់ ដែល​អ្នក​នឹង​ទទួល​ផល​នូវ​អ្វី​ដែល​អ្នក​បាន​ដាំ​។ ខ្ញុំ​មាន​មោទកភាព​ណាស់​នូវ​អ្វី​ដែល​កូន​ក្រុម​របស់ខ្ញុំ​ធ្វើ​បាន​។ ពេល​នេះ យើង​ត្រូវ​បន្ត​ដំណើរ​ទៅ​មុខ​ជាមួយ​នឹង​អារម្មណ៍​​នេះ​សម្រាប់​ក្របខ័ណ្ឌ​កំពូល​»​។

បរាជ័យ​នេះ មិន​មែន​ជា​លើក​ដំបូង​របស់​ក្រុម Juve របស់​លោក Maurizio Sarri នោះ​ទេ ដោយ​ការ​ប្រកួត​ដណ្ដើម​ពាន​ Italian Super Cup កាល​ពី​ចុង​ខែ​ធ្នូ ​ក៏​ចាញ់​ក្រុម​​ Lazio ៣-១ ដែរ​៕