ក្រុមមេឃខៀវ Manchester City បានស្ដារមុខមាត់វិញបានខ្លះហើយ ពីការរបូតពានក្របខ័ណ្ឌ Premier League ឲ្យទៅក្រុមហង្សក្រហម Liverpool ដោយការយកឈ្នះក្រុមម្ចាស់ផ្ទះ Newcastle ២-០ ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានកម្រិតទី ២ របស់ប្រទេសអង់គ្លេស គឺ FA Cup ហើយក៏កំពុងស្ថិតលើផ្លូវឆ្ពោះទៅរកការគ្រងពានរង្វាន់ដល់ទៅ ៣ រដូវកាលនេះផងដែរ។
២ គ្រាប់របស់ក្រុម Man City ស៊ុតបញ្ចូលទីដោយខ្សែបម្រើសញ្ជាតិផ្សេងគ្នា ២ រូប គឺកីឡាករបែលហ្ស៊ិក Kevin De Bruyne នៅនាទីទី ៣៧ ដែលជាបាល់ពិន័យ ១១ ម៉ែត្រ និងកីឡាករអង់គ្លេស Raheem Sterling នាទីទី ៦៨ ហើយនៅវគ្គ ១/២ ផ្ដាច់ព្រ័ត្រ ក្រុមរបស់លោក Pep Guardiola នឹងប្រឈមជាមួយក្រុមកាំភ្លើងធំ Arsenal ដែលដឹកនាំដោយអតីតជំនួយការរបស់ខ្លួន គឺលោក Mikel Arteta នៅឯកីឡដ្ឋាន Wembley នាខែក្រោយ។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Guardiola បាននិយាយក្រោយការប្រកួតបញ្ចប់ទៅថា៖ «យើងនិយាយជាមួយកីឡាករគ្រប់រូប ក្រោយពីអ្វីដែលកើតឡើងនៅ Premier League។ ដោយជាក់ស្ដែង យើងត្រូវការឈ្នះ ២ ដងទៀត ដើម្បីបានទៅលេងនៅក្របខ័ណ្ឌ Champions League រដូវកាលក្រោយ ហើយបន្ទាប់ពីការបិទទ្វារប្រទេស យើងនិយាយថា ការប្រកួតប្រជែង ២ កម្មវិធីទៀត កំពុងដំណើរការ»។
គ្រូបង្វឹកវ័យ ៤៩ ឆ្នាំ លោក Guardiola បន្តថា៖ «ឥឡូវនេះយើងឈានបាន ១ ជំហានហើយ ដែលបានឡើងទៅវគ្គ ១/២ ផ្ដាច់ព្រ័ត្រ គឺប្រសើរណាស់។ តែវានឹងប្រសើរជាងនេះទៀត បើយើងលេងជាមួយក្រុម Real Madrid ជាមួយនឹងស្ថានភាពរាងកាយរឹងមាំបំផុត។ ឡើងដល់វគ្គផ្ដាច់ព្រ័ត្រកម្មវិធី FA Cup នឹងអាស្រ័យលើការត្រៀមខ្លួនល្អបំផុត ហើយជាមួយគ្នានេះ ក៏ត្រូវត្រៀមប្រកួតប្រជែងជាមួយ Real ផងដែរ»។
ចំណែកក្រុម Arsenal ត្រូវអរគុណគ្រាប់បាល់ចុងម៉ោងរបស់កីឡាករបម្រុង Dani Ceballos ដែលជួយឲ្យក្រុមឈ្នះ ២-១ លើក្រុមម្ចាស់ផ្ទះ Sheffield United មានសិទ្ធិឆ្លងទៅវគ្គបន្ត។ លោក Arteta ក្រោយក្រុមខ្លួនឈ្នះទាំងត្រដាបត្រដួសបែបនេះ បាននិយាយថា៖ «នេះជាកន្លែង ដែលពិបាកយកឈ្នះមែនទែន។ យើងបានត្រឡប់ទៅកាន់កីឡដ្ឋាន Wembley វិញហើយ។ ខ្ញុំពិតជារីករាយជាមួយទម្រង់លេងរបស់កីឡាករគ្រប់រូប។ វាពិតជាឱកាសដ៏ប្រសើរណាស់ ដែលយើងកំពុងព្យាយាម ដើម្បីឈ្នះពាន និងដើម្បីបានលេងនៅអឺរ៉ុប»។
រីឯក្រុម ១ ទៀត ដែលបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ គឺតោខៀវ Chelsea ក្រោយក្រុមដែលដឹកនាំដោយលោក Frank Lampard បានធ្វើដំណើរទៅយកជ័យជម្នះលើក្រុម Leicester City យ៉ាងប្រផុតប្រផើយ ១-០ ដែលស៊ុតបញ្ចូលទីដោយកីឡាករ Ross Barkley ហើយត្រូវឡើងទៅប៉ះក្រុមបិសាចក្រហម Manchester United ដែលបានទម្លាក់ក្រុម Norwich City ក្នុងម៉ោងថែមពិសេស ១៥ នាទី ២ ដង ជាមួយនឹងលទ្ធផល ២-១។
ដូច្នេះ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន FA Cup ក្រុមដែលត្រូវប្រឈមជាមួយគ្នា គឺ Arsenal ប៉ះ Manchester City និង Manchester United ជួប Chelsea ហើយទាំង ២ គូ ត្រូវធ្វើការប្រកួតនៅទីលានតែមួយដូចគ្នា គឺ Wembley ដែលជាពហុកីឡដ្ឋានជាតិរបស់អង់គ្លេស៕