Bayern នឹង​ចំណាយ​ប្រមាណ $៥០,៥ ​លាន​ ទិញ​យក​ Sane

0
699

Bayern Munich (Bayern) ក្រុម​ជើងឯក​ក្របខ័ណ្ឌ Bundesliga ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ក្នុង​ការ​ទិញ​យក​ខ្សែ​បម្រើ​ស្លាប Leroy Sane ពី​ក្រុម​ Manchester City។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ជា​ច្រើន​ទាំង​នៅ​អាល្លឺម៉ង់ និង​អង់គ្លេស កាល​ពី​ថ្ងៃ​អង្គារ​។

បណ្ដាញ​សារព័ត៌មាន Sky Sports និង BBC ឲ្យ​ដឹង​ថា​ ក្លិប​​កំពូល​ទាំង ​២ បាន​ព្រមព្រៀង​គ្នា​សម្រាប់​តម្លៃ​ដោះ​ដូរ​នេះ ក្នុង​រង្វង់​ ៥៤,​៨ ​លាន​ផោន ($៦៧,៣៦ លាន) ខណៈ​​​កាសែត​​នៅ​អាល្លឺម៉ង់ Bild រាយការណ៍​​ថា យ៉ាង​ហោច​ណាស់ ​៥០ ​លាន​អឺរ៉ូ ($​៥៦ ​លាន)។

កាសែត​ Bild ឲ្យ​ដឹង​ទៀត​ថា Sane នឹង​ចុះ​ហត្ថលេខា​រយៈពេល ៥ ​ឆ្នាំ ជាមួយ​នឹង​តម្លៃ​ទាប​ជាង ១០០ លាន​អឺរ៉ូ ($​១១២ ​លាន) ដែល​បាន​ដាក់​កាល​ពី​ឆ្នាំ​​មុន​។ Sane​ និង​ក្រុម Man City នឹង​អស់​កុងត្រា​ជាមួយ​គ្នា​​នៅ​ខែ​មិថុនា ឆ្នាំ ​២០២១​។

កីឡាករ​អន្តរជាតិ​អាល្លឺម៉ង់ Sane ទើប​បង្ហាញ​វត្តមាន​លើក​ដំបូង​នៅ​ក្របខ័ណ្ឌ Premier League រដូវកាល​នេះ ក្នុង​នាម​ជា​កីឡាករ​បម្រុង ពេល​ក្រុម​ខ្លួន​ ប៉ះ​ក្រុម​ភ្ញៀវ Burnley ​សប្ដាហ៍​មុន តែ​​លោក​ Pep Guardiola (Pep) ​បញ្ជាក់​នៅ​ដើម​ខែ​នេះ​ថា កូន​ក្រុម​រូប​នេះ​ទំនង​​ជា​ចាកចេញ​ក្រោយ​មិន​បន្ត​កុង​ត្រា​ថ្មី​។

គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​ លោក Pep ​ប្រាប់​ថា​៖ «​កីឡាករ Sane ​និយាយ​ថា រូប​គេ​មិន​ចង់​ពន្យារ​កិច្ច​សន្យា​ទៀត​ទេ ដូច្នេះ​មាន​ន័យ​ថា រូប​គេ​ចង់​ចាកចេញ​ ហើយ​វា​​នឹង​កើត​ឡើង​នៅ​រដូវ​ក្ដៅ​នេះ ឬ​ក៏​ពេល​កុងត្រា​ផុត​កំណត់​។ ខ្ញុំ​គិត​ថា គ្រប់​គ្នា​ដឹង បើ​សិន​ដំណាច់​រដូវកាល​នេះ មាន​កិច្ច​ព្រមព្រៀង​រវាង​ក្លិប​ទាំង ​២ នោះ​រូប​គេ​នឹង​ចាក​ចេញ​»​។

កីឡាករ Sane ចាប់​តាំង​ពី​មក​ចូលរួម​ជាមួយ​​ Man City ដោយ​ការ​ដើរ​ចេញ​ពី Schalke ក្រុម​នៅ​លីក​កំពូល​អាល្លឺម៉ង់ ក្នុង​ឆ្នាំ​ ២០១៦ ឃើញ​ថា រូប​គេ​រក​បាន​គ្រាប់​បាល់ ៣៩ ​គ្រាប់​ដែរ ក្នុង​ចំណោម​ការ​បង្ហាញ​ខ្លួន​ទាំង ១៣៥​ ដង នៅ​គ្រប់​កម្មវិធី​ប្រកួត​ទាំង​អស់​៕