Pogba នឹងបន្តកុងត្រា ប្រសិនបើ Man Utd មានកៅអីទៅលេងនៅពានរង្វាន់ Champions League

0
753

អតីតខ្សែការពារឆ្នើមជម្រើសជាតិអង់គ្លេសលោក Stephen Warnock ជឿជាក់ថាកីឡាករ Paul Pogba អាចនឹងចាំរហូតដល់ក្លិប Manchester United មានកៅអីទៅលេងនៅពានរង្វាន់ Champions League នៅរដូវកាលក្រោយ ទើបរូបគេព្រមចុះហត្ថលេខាពន្យារកិច្ចសន្យាជាមួយក្លិប។

ក្នុងនោះដែរក៏មានពាក្យចរចាមអារ៉ាមជាច្រើនថាកីឡាករជម្រើសជាតិបារាំងរូបនេះ អាចនឹងចាកចេញពី Man Utd ទៅចូលរួមនឹងក្លិបមួយក្នុងចំណោមក្លិបធំៗបីដូចជា Real Madrid, Barcelona និងក្លិប Juventus ដែលជាក្លិបចាស់របស់គេជាដើម។​

យ៉ាងណាមិញ ក្នុងរដូវកាលនេះ Pogba មិនសូវបានបង្ហាញខ្លួនច្រើនប៉ុន្មាននោះទេឲ្យ Man Utd ដោយសារតែមានរបួសតាមរំខាន ប៉ុន្តែនៅប៉ុន្មានប្រកួតចុងក្រោយនេះរូបគេបានបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ឡើងវិញឲ្យក្លិប។ ជាការពិតណាស់ក្លិប Manchester United ពិតជាមិនចង់លក់កីឡាកររូបនេះចេញនោះទេ ដោយចាត់ទុករូបគេជាអ្នកនាំលេងម្នាក់ដ៏សំខាន់សម្រាប់ក្លិប។

ក្លិប​បិសាចក្រហម កំពុងតែព្យាយាមបន្តកុងត្រាជាមួយ Pogba ប៉ុន្តែមិនទាន់មានចម្លើយនៅឡើយទេពីតារាវ័យ២៧ឆ្នាំរូបនេះ ដោយកុងត្រាចាស់នឹងត្រូវផុតនៅឆ្នាំ២០២១ ខាងមុខនេះហើយ។

គួរឲ្យដឹងដែរថាបិសាចក្រហម Manchester United កំពុងតែមានទម្រង់លេងល្អឡើងវិញហើយ។ ជាមួយគ្នានេះក្លិបរបស់លោក Solskjær មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេក្នុង១៨ប្រកួតចុងក្រោយរបស់ខ្លួន ពោលគឺឈ្នះ១៤ប្រកួតនិងស្មើ៤ប្រកួត ដោយនៅក្នុង៦ប្រកួតចុងក្រោយ Man Utd ឈ្នះ៥ប្រកួតជាប់គ្នាទៅហើយ ជាមួយ នឹងគ្រាប់បាល់សរុប១៧គ្រាប់ ហើយរបូតតែ៣គ្រាប់ប៉ុណ្ណោះ៕