សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) អាចនឹងស្ថិតក្រោមសម្ពាធជាសាធារណៈក្នុងការពិនិត្យឡើងវិញអំពីបទបញ្ជា និងនីតិវិធីច្បាប់ហិរញ្ញវត្ថុ «Financial Fair Play» បន្ទាប់ពីតុលាការអាជ្ញាកណ្តាលកីឡា (CAS) ដកបម្រាម Manchester City មិនឲ្យលេង Champions League ២រដូវកាលនោះចេញវិញ។ នេះបើតាមការបញ្ជាក់របស់មេធាវីកីឡាលោក Rob Jones។
UEFA បានដាក់ពិន័យ Man City ជាប្រាក់ ៣១,៦០ លានដុល្លារ និងមិនឲ្យលេងក្របខណ្ឌកំពូលអឺរ៉ុប ២រដូវកាលផង ក្រោយរកឃើញថាក្លិបអង់គ្លេសមួយនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់ FFP ដោយពួកគេបានចំណាយប្រាក់ច្រើនលើសចំណូលក្នុងទិញដូរកីឡាករចូលចន្លោះឆ្នាំ ២០១២ និង ២០១៦។
ការដាក់ទណ្ឌកម្មនេះធ្វើឡើងបន្ទាប់ពីស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ទ្វីបអឺរ៉ុប បានបើកការស៊ើបអង្កេតក្រោយមានអត្ថបទជាច្រើនដែលបានចុះផ្សាយដោយកាសែតអាល្លឺម៉ង់ Der Spiegel កាលពីខែវិច្ឆិកា ឆ្នាំ ២០១៨ ដោយចោទថាក្លិបក្នុងលីគ Premier League មួយនេះបានបង្កើនប្រាក់ឧបត្ថម្ភជាទឹកប្រាក់សិប្បនិម្មិត។
យ៉ាងណាក៏ការពិន័យនេះមិនត្រូវបានទទួលយកពីសំណាក់ក្លិប Man City ឡើយ ហើយក្លិបរហស្សនាមមេឃខៀវបានយករឿងក្តីនេះទៅកាន់ CAS ដើម្បីប្តឹងឧទ្ធរណ៍ជំទាស់។ ក្រោយការពិនិត្យ CAS បានសម្រេចឲ្យ Man City ឈ្នះក្តីនេះ ដោយអាចរួចផុតពីបម្រាមលេង Champions League ពីររដូវកាល និងបន្ថយការពិន័យជាប្រាក់ត្រឹម ១១,៣១លានដុល្លារវិញ។
មកទល់ពេលនេះ CAS មិនទាន់បានបង្ហាញមូលហេតុពេញលេញសម្រាប់ការសម្រេចចិត្តរបស់ខ្លួននៅឡើយទេ ប៉ុន្តែស្ថាប័ននេះគ្រាន់តែអះអាងថា បទល្មើសភាគច្រើនរបស់ Man City មិនធ្ងន់ធ្ងរ ឬប៉ះពាល់អ្វីច្រើននោះទេនៅក្នុងបទបញ្ជារបស់ UEFA។
បន្ទាប់ពីការលើកឡើងរបស់ CAS បែបនេះ លោក Jones បាននិយាយដោយបង្ហាញការរិះគន់ថាឥទ្ធិពលនៃច្បាប់ និងនីតិវិធីរបស់ FFP ដែលបង្កើតដោយ UEFA ។
«នេះប្រាកដណាស់ថា UEFA នឹងមានសម្ពាធជាច្រើនក្នុងការត្រួតពិនិត្យលើក្លិបដែលប្រព្រឹត្តខុសនឹងច្បាប់ FFP ប្រសិនបើ UEFA មិនធ្វើកំណែទម្រង់លើគោលការណ៍ និងនីតិវិធីរបស់ពួកគេទេនោះ»។ នេះជាការបញ្ជាក់បន្ថែមរបស់មេធាវី Jones។
UEFA បង្កើតច្បាប់ FFP នេះឡើងដើម្បីបង្ការ និងទប់ស្កាត់រាល់ក្លិបកីឡាបាល់ទាត់ក្នុងតំបន់អឺរ៉ុបលើការចំណាយហួសកំណត់លើសប្រាក់ចំណូល។ ច្បាប់នេះដែរ ក៏បានជួយដោះស្រាយបញ្ហារបស់ក្លិបដើម្បីគេចផុតពីការជំពាក់បំណុលទៀតផង៕