សេះបង្កង់ Juventus (Juve) ក្រុមដែលកំពុងមានពិន្ទុនាំមុខគេ ក្នុងតារាងក្របខ័ណ្ឌ Serie A អ៊ីតាលី កំពុងបន្តដំណើររាងរអាក់រអួលឆ្ពោះទៅរកការឈ្នះពានរង្វាន់លីក ៩ រដូវកាល បន្តបន្ទាប់គ្នា ដោយសារពួកគេបានខ្ជះខ្ជាយឱកាស ដែលខ្លួនបាននាំមុខក្រុមម្ចាស់ផ្ទះ Sassuolo ២-០ តែចុងក្រោយបានត្រឹមស្មើ ៣-៣ អំឡុងការប្រកួតកាលពីថ្ងៃពុធ។
ក្រុម Juve ពេលនេះ មាន ៧ ពិន្ទុ នាំមុខដាច់ក្រុមលេខ ២ Atalanta ដែលទើបបានបំបាក់ក្រុមលេខ ២ រាប់ពីក្រោម Brescia ៦-២ ជាមួយនឹងការប្រកួតនៅសល់ ៥ លើកទៀត តែក្រុមដែលមានលោក Maurizio Sarri ជាគ្រូបង្វឹកមួយនេះ សម្រាប់ការប្រកួត ៣ ដងចុងក្រោយ ដណ្ដើមបានត្រឹម ២ ពិន្ទុប៉ុណ្ណោះ។
ក្រោយទទួលបានលទ្ធផលមិនគួរជាទីគាប់ចិត្ត អ្នកដឹកនាំក្រុម Juve លោក Sarri បាននិយាយថា៖ «គ្រូបង្វឹកម្នាក់ ត្រូវការភាពនឹងនរ តែនៅពេលនេះ យើងអត់មានទាំងអស់មិនថា ផ្នែករាងកាយ និងផ្លូវចិត្ត។ យើងមានពេលល្អៗ ដែលឆ្លាស់គ្នាជាមួយនឹងពេលដ៏លំបាក។ វាគួរតែនិយាយបានថា យើងកំពុងប្រឈមជាមួយក្រុម ដែលឈានដល់កម្រិតកំពូល ដូចជាក្រុម Atalanta និង Sassuolo នេះ។ យើងត្រូវតែដោះស្រាយបញ្ហាឡើងចុះនេះឲ្យបាន»។
សម្រាប់ការប្រកួតលើកទី ៣៣ នេះ ក្រុមសេះបង្កង់ គួរណាស់តែជាភាគី ដែលស្ពាយ ៣ ពិន្ទុ ត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ក្រោយកីឡាករទៅពីអាមេរិកឡាទីន ២ រូប គឺខ្សែការពារប្រេស៊ីល Danilo និងខ្សែប្រយុទ្ធ Gonzalo Higuain របស់អាហ្សង់ទីនមានឱកាសបំប៉ោងសំណាញ់ទីសម្រេចម្នាក់ ១ គ្រាប់ ជួយឲ្យក្រុមនាំមុខ ២-០ តាំងពី ១២ នាទីដំបូងនៃវគ្គទី ១ ម្ល៉េះ។
បើទោះត្រូវក្រុមភ្ញៀវនាំមុខដល់ទៅ ២ គ្រាប់ ក៏ក្រុម Sassuolo មិនបានបាក់កម្លាំងចិត្តនោះឡើយ ដោយបានធ្វើការសម្រុកជាញឹកញាប់ ដើម្បីរកឱកាសស៊ុតបញ្ចូលទីឲ្យបានវិញ ហើយទីបំផុត ក៏ធ្វើបានសម្រេចមែន ដោយកីឡាករ Filip Djuricic នៅនាទីទី ២៩ ធ្វើឲ្យចប់វគ្គទី១ ក្រុមម្ចាស់ផ្ទះតាមពីក្រោយ ១-២។
ក្រុមយក្សទៅពីក្រុងទូរីន បើទោះបាន Giorgio Chiellini ខ្សែការពារដ៏រឹងមាំត្រឡប់មកវិញ តែក៏នៅមានភាពខ្សោយសម្រាប់តំបន់ការពារដដែល ដោយគិតលើការប្រកួត ៥ លើកចុងក្រោយ ពួកគេរបូតគ្រាប់បាល់ដល់ទៅ ១១ គ្រាប់ហើយ ហើយជាក់ស្ដែងវគ្គទី ២ នៃការប្រកួតនេះ ត្រឹមតែ ៩ ទៅ ១០ នាទីប៉ុណ្ណោះ ក៏របូតគ្រាប់បាល់ ២ គ្រាប់ ដែលស៊ុតដោយកីឡាករ Domenico Berardi និង Francesco Caputo ដោយធ្វើឲ្យការនាំមុខ ២-០ ក្លាយទៅជាតាមពីក្រោយ ៣-២ វិញ តែសំណាងល្អ នៅនាទីទី ៦៤ ខ្សែការពារឆ្វេង Alex Sandro ឡើងទៅតែតបាល់ជ្រុងសម្រេចឲ្យក្រុមតាមស្មើ ៣-៣ វិញ។
សម្រាប់ការប្រកួតបន្ទាប់ ក្រុម Juve ក៏រឹតតែមិនងាយស្រួលឡើយ បើទោះជានៅទឹកដីខ្លួនឯងក៏ដោយ ព្រោះត្រូវប្រឈមជាមួយនឹងក្រុម Lazio ដែលដំបូងឡើយ ជាក្រុមមានសិទ្ធិប្រជែងជើងឯក តែចាប់តាំងពីលីកកំពូល ដំណើរការឡើងវិញ កាលពីចុងខែមុន ហាក់ដូចជាធ្លាក់ទម្រង់លេងជាងមុនឆ្ងាយ ដោយធ្លាក់ពីចំណាត់ថ្នាក់ទី២ មកនៅទី៣ វិញ ហើយអាចនឹងត្រូវរំកិលមកក្រោម ១ លេខទៀត បើសិនជាក្រុម Inter Milan ប្រកួតឈ្នះក្រុម SPAL។
តែយ៉ាងណា លោក Sarri បាននិយាយបន្ថែមចុងក្រោយថា៖ «ពេលនេះ យើងមិនត្រូវខ្វល់ពីលទ្ធផលពេកនោះទេ ត្រឹមតែផ្ដោតអារម្មណ៍លើការប្រកួតពី ១ លើក ទៅ ១ លើក បានហើយ»៕