កីឡាករឆ្នើមវ័យក្មេង Kylian Mbappe របស់ក្លិបបាល់ទាត់ Paris Saint-Germain បានប្រកាសថា ទោះជាបែបណាក៏ដោយរូបគេនឹងមិនចាកចេញ ទៅណាចោលក្លិបយក្សបារាំងនេះឡើយ កំឡុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។
ការលើកឡើងបែបនេះ គឺបន្ទាប់ពីមាននូវពាក្យចចាមអារ៉ាមជាច្រើន ជុំវិញការចាកចេញរបស់កីឡាករវ័យ ២០ឆ្នាំសញ្ជាតិបារាំងនេះទៅកាន់ក្លិបជើងឯកអង់គ្លេស Liverpool ឬអាចនឹងចាកចេញទៅកាន់ក្លិបជើងឯកអេស្ប៉ាញ Real Madrid នារដូវកាលក្រោយ។ Mbappe និយាយថា៖ “ខ្ញុំនឹងនៅទីនេះពេញលេញជាមួយកិច្ចសន្យារយៈពេល ៤រដូវកាលរបស់ខ្ញុំ។ ខ្ញុំនឹងខំឲ្យអស់លទ្ធភាពក្នុងការព្យាយាម ដើម្បីឈ្នះពានជាមួយ PSG និងដើម្បីបង្ហាញពីសមត្ថភាពលេចធ្លោរបស់ខ្ញុំ តាមដែលអាចធ្វើបាន”។ គួរបញ្ជាក់ថា Mbappe បានផ្ទេរមកកាន់ក្លិប Paris Saint-Germain កាលពីឆ្នាំ២០១៧ ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប AS Monaco មុនពេលត្រូវបានទិញផ្តាច់ក្នុងតម្លៃ ១៦០លានអឺរ៉ូ។ ក្នុងរដូវកាលនេះ Mbappe ស៊ុតបញ្ចូលទីឲ្យក្លិបជើងឯកបារាំងនេះបាន ៣០គ្រាប់ មុនពេលដែលលីគកំពូលបារាំងប្រកាសផ្អាករដូវកាលរបស់ខ្លួន ដោយសារវិបត្តិសកល Covid-19៕