ខ្សែបម្រើឆ្នើមរបស់ Liverpool បានផ្ទេរទៅចូលរួមជាមួយ Brighton ដោយមិនមានតម្លៃខ្លួន

0
689

ក្លិប Brighton បានសម្រេចកិច្ចព្រមព្រៀង ផ្ទេរយកខ្សែបម្រើក្រុម Liverpool កីឡាករ​ Adam Lallana ជាផ្លូវការ ដោយមិនមានតម្លៃខ្លួន។

ខ្សែបម្រើសញ្ជាតិអង់គ្លេស បានផុតកុងត្រាជាមួយក្រុមហង្សក្រហមនាដំណាច់រដូវកាលនេះ ខណៈបច្ចុប្បន្នរូបគេ បានចុះកុងត្រារយៈពេល៣ឆ្នាំ លេងឲ្យក្លិប Brighton ។

កីឡាករវ័យ៣២ឆ្នាំ​ បង្ហាញខ្លួនឲ្យក្រុមជើងឯក Premier League បាន២២ប្រកួតនៅរដូវកាលនេះ ក្នុងនោះគេចូលលេងក្នុងជម្រើសដំបូងបានត្រឹម៣ប្រកួតប៉ុណ្ណោះក្នុងលីគ ហើយគិតចាប់តាំងពីក្របខណ្ឌ​ Premier League បើកដំណើការឡើងវិញ ក្រោយផ្អាកអស់មួយរយៈដោយសារកូវីដ១៩ គេមិនទាន់បានចូលលេងសូម្បីម្ដង។

យ៉ាងណាមិញ ក្រោយចុះកុងត្រាយកបាន Lallana អ្នកចាត់ការទូទៅក្រុម Brighton លោក Graham Potter បាននិយាយយ៉ាងដូច្នេះថា៖

ការចុះកុងត្រាយក Adam ជារឿងដ៏រំភើបមួយសម្រាប់ពួកយើង។ ការដែលមានកីឡាករដែលពោរពេញទៅដោយបទពិសោធន៍ និង គុណភាពនៅលើទីលានបែបនេះ វាពិតជាការបន្ថែមមួយដ៏ល្អសម្រាប់យើង ហើយខ្ញុំដឹងថា គាត់នឹងធ្វើជាគំរូដ៏ល្អ សម្រាប់កីឡាករក្មេងៗ ក្នុងក្រុមរបស់យើង។

គួររម្លឹកផងដែរថា Lallana បានចំណាយពេល ៦ឆ្នាំជាមួយ Liverpool។ គិតមកទល់ពេលនេះ គេបង្ហាញខ្លួនបាន១៧៨ប្រកួត ឲ្យក្រុមដែលមានមូលដ្ឋាននៅទីក្រុង Merseyside ក្នុងនោះគេរួមចំណែកជួយក្រុមលើកពានធំៗចំនួន៤ រួមមានពាន Premier League, Champions League, FIFA Club World Cup និង UEFA Super Cup៕