ភ្នំពេញក្រោន និងវិសាខា ត្រូវជួបគ្នាដណ្ដើមពាន Super Cup មុនបើករដូវកាលថ្មី

0
739

ភ្នំពេញក្រោន ម្ចាស់ជើងឯកលីគឆ្នាំ២០២១ ត្រូវប្រកួតជាមួយ វិសាខា ម្ចាស់ជើងឯកពានសម្ដេច ដណ្ដើមពាន Super Cup នៅថ្ងៃទី១ ខែមិនា ឆ្នាំ២០២២ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ វេលាម៉ោង៦:៣០ ល្ងាច ។ ការប្រកួត Super Cup រៀបចំឡើងមុនបើករដូវកាលប្រកួតពានរង្វាន់ Cambodian Premier League ។

ការប្រកួត Super Cup គឺជាការអភិវឌ្ឍថ្មីក្នុងវិស័យបាល់ទាត់កម្ពុជា សម្រាប់កីឡាករ និងអ្នកគាំទ្រ ។ លោក កែវ សុខង៉ន អ្នកចាត់ការក្រុមភ្នំពេញក្រោន បានបញ្ជាក់ថា ការប្រកួតកាន់តែច្រើន កីឡាករទទួលបានបទពិសោធលើទីលានកាន់តែច្រើន ខណៈអ្នកទស្សនាចង់ឃើញការអភិវឌ្ឍបច្ចេកទេស របស់កីឡាករ និងក្លិប ដែលពួកគេគាំទ្រ។

លោក កែវ សុខង៉ន បានប្រាប់សារពត៌មានថ្មីៗថា ៖«ជាសមិទ្ធផលថ្មីមួយបែបទៀត ដែលមានការប្រកួតប្រជែងច្រើន ហើយការប្រកួតទាំងនេះល្អសម្រាប់កីឡាករ និងអ្នកគាំទ្រ» ។

ស្របគ្នានេះ លោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្លិបវិសាខា យល់ថា ការប្រកួត Super Cup ជារបត់ថ្មីមួយនៅកម្ពុជា ដែលអាចទាក់ទាញការគាំទ្រលើវិស័យបាល់ទាត់មួយកម្រិតទៀត។ «វាជារឿងល្អសម្រាប់លីគកម្ពុជា មានការប្រកួតនេះ ហើយវាជាឱកាសសម្រាប់ការរៀបចំក្រុម ដើម្បីចាប់ផ្តើមលីគឲ្យបានល្អ ។ ខ្ញុំជឿជាក់ថាការប្រកួតនេះ នឹងធ្វើឲ្យមានការទាក់ទាញខ្លាំងពីអ្នកគាំទ្រ»។ នេះជាការយល់ឃើញរបស់លោក សុចិត្រា៕