យោងតាមប្រភពព័ត៌មានក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថា ក្លិបបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងផ្ទេរយក យុវជនក្រុម Real Madrid កីឡាករ Alvaro Fernandez Carreras ក្នុងកុងត្រារយៈពេល៤ឆ្នាំ។
ខ្សែការពារស្លាបឆ្វេងរូបនេះ បានចំណាយពេល ៣រដូវកាលមកហើយជាមួយក្រុមយុវជន Real Madrid ចាប់តាំងពីផ្លាស់ពីក្លិប Deportivo La Coruna ក្នុងឆ្នាំ២០១៧មក។
យោងតាមការចុះផ្សាយរបស់កាសែត AS កុងត្រារបស់ Alvaro ជាមួយនឹង Real Madrid ផុតកំណត់កាលពីថ្ងៃទី៣០ ខែមិថុនាកន្លងទៅនេះ ខណៈក្លិបយក្សអេស្ប៉ាញ ក៏បានផ្ដល់កុងត្រាថ្មីឲ្យរូបគេផងដែរ ប៉ុន្តែត្រូវបានកីឡាករវ័យ១៩ឆ្នាំបដិសេធ ដោយគ្រោងចុះកុងត្រា៤ឆ្នាំផ្ទេរមក Man UTD នៅរដូវក្ដៅនេះ។
ប្រភពខាងលើបានបន្ថែមទៀតថា មូលហេតុដែល Alvaro យល់ព្រមចុះកុងត្រាលេងឲ្យក្រុមបិសាចក្រហម ដោយសារតែពេញចិត្តនឹងគម្រោងដែល Man UTD រៀបចំសម្រាប់កីឡាករក្មេងៗ ជាពិសេសគេចង់ប្រឡូកក្នុងក្របខណ្ឌ Premier League ។
យ៉ាងណាមិញ Alvaro ត្រូវបានគេរពឹងថា នឹងចាប់ផ្ដើមជាមួយក្រុមយុវជនរបស់ Man UTD ជាមុនសិន លុះត្រាណាតែលោក Ole Gunnar Solskjaer សម្លឹងឃើញ ទើបរូបគេអាចមានឱកាសចូលលេងក្នុងក្រុមឈុតធំ ដូចទៅនឹងកីឡាករ Mason Greenwood និង Brandon William ដែលត្រូវបានលោក Solskjaer ថ្ពក់ចេញពីថ្នាលយុវជន ដំឡើងមកលេងក្នុងក្រុមឈុតធំនៅរដូវកាលនេះអ៊ីចឹងដែរ៕